Partner im RedaktionsNetzwerk Deutschland
Pagina inizialePodcastSalute
នាទីសុខភាពនិងអនាម័យ

នាទីសុខភាពនិងអនាម័យ

Podcast នាទីសុខភាពនិងអនាម័យ
Podcast នាទីសុខភាពនិងអនាម័យ

នាទីសុខភាពនិងអនាម័យ

aggiungere

Episodi disponibili

5 risultati 24
  • Endométriose ឬ ជំងឺ​ចុក​ពោះ​ពេល​ធ្លាក់​រដូវ ជា​ការ​ធម្មតា របស់​ស្ត្រី ?
    នៅក្នុង​កម្មវិធី​សុខភាព​នា​ថ្ងៃ​ពុធ​ទី ៨ មីនា ទិវា​នារី​អន្តរជាតិ​ថ្ងៃ​នេះ អៀង​សុខម៉ិញ សូម​ណែនាំ​ឱ្យ​អស់​លោក​អ្នក​នាង​បាន​ស្គាល់​អំពី​ជំងឺ​ស្ត្រី​មួយ​ប្រភេទ ដែល​ពិភពវេជ្ជសាស្ត្រ​នៅ​មិន​ទាន់​ស្គាល់​ច្បាស់​នៅឡើយ។ នោះ​គឺ​ជំងឺ​ចុកពោះ ពេល​ធ្លាក់​រដូវ​ អង់ដូមេទ្រីយូស្ស។ កាលពី​ថ្ងៃទី ១៦ កុម្ភៈ​២០២៣ អេស្ប៉ាញ​បានក្លាយ​ជា​ប្រទេស​ដំបូង​គេ​បង្អង់​នៅអឺរ៉ុប ដែលបាន​បោះឆ្នោត​អនុម័ត​ច្បាប់​ផ្តល់​ការ​ឈប់​សម្រាកពេល​ធ្លាក់​រដូវ ​ដល់​ស្រ្តី​ដែល​​មាន​ខែ​អម​ដោយ​ការ​ឈឺ​ចុក​ចាប់។ ជា​វិធានការជា​ប្រវត្តិសាស្ត្រ​សម្រាប់​ស្ត្រី​​ដែល​ពុំ​ធ្លាប់​មាន​ទេ​នៅ​អឺរ៉ុប ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​អេស្ប៉ាញចង់​ធ្វើ​ជា​គំរូ​ចាប់​ផ្តើម​ទម្លាយ​រឿង​ដែល​គេ​ធ្លាប់​តែ​លាក់​​មិន​ហ៊ាន​និយាយ​កន្លង​មក។ ក្រៅ​អំពី​អេស្ប៉ាញ ច្បាប់​ផ្តល់​សិទ្ធិ​ឱ្យ​ស្ត្រី​បាន​ឈប់​សម្រាក​ពេល​មក​​រដូវ​ មាន​អនុវត្ត​នៅក្នុង​បណ្តា​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​នៅលើ​ពិភពលោក មាន​ជាអាទិ៍ និង​ដំបូងគេ​បង្អង់​ នៅ​ប្រទេស​ជប៉ុន។ តាំងពី​ឆ្នាំ​១៩៤៧មក ច្បាប់​ជប៉ុន​បានចែង​មិន​ឱ្យ​ក្រុមហ៊ុន​សហគ្រាស​បង្ខំ​ស្ត្រី​ឱ្យ​មក​ធ្វើ​​ការទេ បើ​ស្ត្រី​គាត់​សុំ​ឈប់​ព្រោះ​មូល​ហេតុ​ដល់​ថ្ងៃ​ធ្លាក់​រដូវ។ ស្ត្រី​អាច​ឈប់​ប៉ុន្មាន​ថ្ងៃ​ក៏​បាន ប៉ុន្តែ​ជា​ទូទៅ​ស្ត្រី​ទាំង​នោះ​​មិន​បាន​ទទួល​កម្រៃ​ទេ។ បើ​តាម​ស្ថិតិ​របស់​ក្រសួងការងារ​ជប៉ុន​ នៅ​ឆ្នាំ​២០២០ ក្នុង​ចំណោម​ក្រុមហ៊ុន​ប្រមាណ​៦០០០​ មាន​មួយ​ភាគ​បី (៣០%) ព្រម​ឱ្យ​ប្រាក់​ខែ​ពេញ​ធម្មតា ឬ​កាត់​ប្រាក់​ខែ​ខ្លះ​ដល់​ស្ត្រី​ដែលអវត្តមាន​ពី​កន្លែង​ធ្វើការ​ដោយ​មូលហេតុ​​មក​ខែ។ ការ​សិក្សា​បាន​បង្ហាញ​ឱ្យ​ឃើញ​ទៀត​ថា មាន​ស្រ្តី​ជប៉ុន​តែ​ប្រមាណ​០,៩%​ផង​បាន​ប្រើ​សិទ្ធិរបស់​ខ្លួន។ នៅកូរ៉េខាង​ត្បូង ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ស្រី​បាន​ឈប់​សម្រាករដូវ​មួយ​ថ្ងៃ​ក្នុង​ខែ​ តែ​ត្រូវ​កាត់​ប្រាក់​ខែ​មួយ​ថ្ងៃ​នោះ​ដែរ។ ហើយ​បើ​​​ក្រុមហ៊ុនណា​​មិន​គោរព​ច្បាប់ នឹង​មាន​ការ​ពិន័យ​ជា​ប្រាក់​ចំនួន ៥លាន​វ៉ុន។ តាំងពី​ឆ្នាំ​២០០៣​មក ឥណ្ឌូណេស៊ី​ ក៏​បាន​អនុម័ត​ច្បាប់​ គ្រោង​ផ្តល់​សិទ្ធិ​ដល់​ស្ត្រី​មាន​រដូវ​ឈឺចុកចាប់​ខ្លាំង អាច​ឈប់​សម្រាកពីការងារ​បាន​មួយឬ​ពីរ​ថ្ងៃ​ក្នុង​ខែ អាស្រ័យ​ទៅលើការ​កំណត់​របស់​​ក្រុមហ៊ុននិង​​បុគ្គលិក​។ ប៉ុន្តែក្នុង​​ដំណើរការ​អនុវត្ត ​ជាក់ស្តែង ក្រុមហ៊ុន​អនុញ្ញាត​ឱ្យ​តែមួយ​ថ្ងៃ ឬ​គ្មាន​សោះ ហើយ​ខ្លះ​ទៀត​ថែម​ទាំង​ធ្វើ​មិន​ដឹង​មិន​ខ្វល់​នឹង​ច្បាប់​នោះ​តែ​ម្តង។ ច្បាប់​តៃវ៉ាន់​ បាន​ផ្តល់​បី​ថ្ងៃ​ដល់​ស្ត្រី​សម្រាប់​ហេតុផល​មក​រដូវ​ឈឺ​ខ្លាំង ហើយ​អាច​ឈប់​លើស​នេះ​បាន​ទៀត តែ​ត្រូវ​បាន​ចាត់​ទុក​ជា​ពេល​ឈប់​ព្រោះ​មូលហេតុ​មាន​ជំងឺ និង​ទទួល​បាន​ប្រាក់​បៀរវត្សរ៍​ធម្មតា។ ជាប់​ឈ្មោះ​ជា​ប្រទេស​បុណ្យ​ម្តាយ តាំង​ពីឆ្នាំ​២០១៥មក ហ្សំប៊ី​បាន​អនុម័ត​ច្បាប់​ផ្តល់​សិទ្ធិ​ឈប់​មួយ​ថ្ងៃ​ក្នុង​មួយ​ខែ​ ដល់​ស្ត្រី​ពេល​ធ្លាក់​រដូវ ដោយ​មិន​បាច់​ប្រាប់​មុន ឬ​មាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​ទេ។ តើ​ការ​ឈឺ​ចុកចាប់​ពេល​ធ្លាក់​រដូវ ជា​ប្រការ​ធម្មតា​សម្រាប់​ស្ត្រី ? ការ​ឈឺចា​ប់ខ្លាំង​ពេល​ឆ្លង​ទន្លេ ប្រសូត​បុត្រ ជា​ករណី​ធម្មតា និង​សម្រាប់​គ្រប់​ស្ត្រី​ទាំង​អស់។ ឯការ​ឈឺ​ចាប់​​ពេល​មកខែ​អាច​មាន​បង្កប់​ជំងឺ​ និង​ហេតុផល​ផ្សេង​ ! ​ពេល​មក​រដូវ​ម្តងៗ សាច់ដុំ​របស់​ស្បូន​នឹង​ត្រូវ​កន្ត្រាក់​លាៗ​ដើម្បី​ជម្រុះ​ភ្នាស់​របស់​វា​ចេញ​។ ដោយ​គ្មាន​ការ​បង្ក​ជីវិត​ សរីរាង្គ​នៃ​ស្បូន​ បាន​បញ្ឈប់​ងក់​​ការ​ផលិត​អ័រមូន​ Oestrogènes និង Progestérone។ ​តួ​ស្បូនចាប់​រីកឡើង និង​ចាប់​កន្ទ្រាក់ ដើម្បី​ធាក់​បញ្ចេញរដូវ​ ជា​​ឈាម និង​ជា​ភ្នាស​ស្បែក​ស្តើងៗ​លើ​ជញ្ជាំងស្បូន​​ ឱ្យ​ធ្លាក់​ចេញ​មកក្រៅ ។ ស្បួន​កន្ទ្រាក់​ព្រោះ​តែ​​ស​ម្ពាធ​ខ្ពស់​រវាង​ឈាម​ដែល​ហូរ​ចេញ​ទៅក្នុ​ង​ស្បូន​ និង​ប៉ះ​ជា​មួយ​ជញ្ជាំង​ស្បូន​ ធាក់​ខ្ទប់​ គ្នា​ទៅ​វិញ​ទៅ​មក​ផង។ ​ជញ្ជាំង​ស្បូន​ខ្លួន​ឯង​ក៏​ត្រូវ​ដាច់​ចេញ​ផង​ ហើយ​កា​រ​ដាច់​ចេញ​នៃ​ភ្នាស​នៅ​ជញ្ជាំង​ស្បូន​នេះក៏​ជា​កត្តា​ធ្វើ​ឱ្យ​ស្បូន​កន្ទ្រាក់​ដែរ និង​អាច​មាន​ឥទ្ធិពល​លើ​សាច់​ដុំ​ផ្សេង​ទៀត ក្រៅ​អំពី​ស្បូន ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​ពេល​ខ្លះ​ស្ត្រី​មាន​អាការៈ​ឈឺក្បាល​ ចង់​ក្អួត ចង្អោរ។ និយាយ​​ជា​រួម ការ​ធ្លាក់​រដូវ ​មាន​ដំណើរ​ការ​ដូច​គ្នា​នឹង​​ឆ្លង​ទន្លេ​យ៉ាង​ដូច្នោះ គឺ​ស្បូន​ត្រូវ​កន្ទ្រាក់​ដើម្បីមានសម្ពាធ​ធាក់​​បញ្ចេញទារក​ឱ្យ​ចេញ​​មក​ចាប់​កំណើត ទើប​មាន​ការ​ឈឺ​ចុកចាប់​ខ្លាំង។ ឯ​ការ​កន្ទ្រាក់​ស្បួន​ពេល​ដល់​វដ្ត​រដូវ មិន​ប្រាកដ​ថា​ធ្វើ​ឱ្យ​ឈឺ​ពោះ​ខ្លាំង​ទេ។ ការ​ឈឺ​ចាប់​ពេល​មក​រដូវ​របស់​ស្ដ្រី​អាច​តិច​ឬ​ខ្លាំង​ខុស​ៗ​​គ្នា​​ពី​ មនុស្ស​ស្រី​ម្នាក់​ទៅ​មនុស្ស​ស្រី​ម្នាក់​ទៀត​។​ ស្ត្រី​ខ្លះ​ដូច​បុរស​ ការ​មករដូវ​គ្រាន់​តែ​ជា​សញ្ញា​មួយ​ប៉ុណ្ណោះ។ ​បើ​តាម​ចំណាំ ការ​ឈឺ​ចាប់​មាន​កាន់​តែ​ខ្លាំង នៅ​ពេល​មាន​ឈាម​រដូវ​ធ្លាក់​ច្រើន ព្រោះ​ស្បួន​ត្រូវ​កន្ទ្រាក់​ខ្លាំង ដើម្បីអាច​បញ្ចេញ​ឈាម​រដូវ​នោះ​អស់​ពី​ស្បូន​។ ផលវិបាក​ជា​យថាហេតុ​នៃ​ការ​ឈឺចាប់​ពេល​មក​រដូវ ការ​ឈឺចាប់​នេះ​ជា​ទូទៅ គ្មាន​​លាក់​សញ្ញា​រោគ​អ្វី​គួរ​ឱ្យ​ព្រួយ​បារម្ភ​ និង​ប៉ះពាល់​ដល់​សុខភាព​​ទេ មិន​ថា​ជា​សុខភាព​ក្នុង​ន័យ​ទូទៅ ឬ​សុខភាព​ផ្លូវ​ភេទ​ឡើយ។ ការ​ឈឺចាប់​ពេល​ធ្លាក់​រដូវ​ច្រើន​កើត​ឡើង​ ចំពោះ​ក្មេង ទើប​​ឡើង​ខ្លួន​និង​មាន​រដូវ​ឆ្នាំ​ៗដំបូង និង​នៅ​ពេលអំឡុង​​ពេល​ជិត​អស់​រដូវ ព្រោះ​រយៈ​កាល​​នេះ សរីរាង្គ​កាយ​មនុស្ស​ស្រី​មាន​អ័រមូន​ចុះ​ឡើង​ខ្លាំង។ ចំពោះ​យុវតី អាការៈ​ឈឺ​ចុកចាប់​​ពេលធ្លាក់​រដូវ នឹង​ចុះ​ថយ​ទៅៗ និង​បាត់​ទាំង​ស្រុង​តែ​ម្តង​ផង នៅ​ពេល​ចាប់​មាន​គភ៌ជា​លើក​ទីមួយ​។ ​ ប៉ុន្តែ​សូម​កុំ​ភ្លេច​រូត​រះ​ទៅ​ជួប​គ្រូពេទ្យ​ឯកទេស ប្រសិន​បើ​ការ​ឈឺចាប់​​ពេល​ធ្លាក់​រដូវ មាន​កំរិត​ខ្លាំង​ហួស​ហេតុ​ទ្រាំ​លែង​បាន។ ស្ត្រី​មាន​រដូវ​យូរឆ្នាំ​​ហើយ ស្រាប់តែ​​ស្ងៀមៗ​មាន​លេច​អាការៈ​ឈឺចាប់​ពេល​ធ្លាក់​រដូវ  ហើយ​បរិមាណ​នៃឈាម​រដូវ​មាន​កំរិត​ច្រើន​ហួស​ពីធម្មតា រដូវ​លែង​ទៀង មក​មួយ​ខែ​ពីរ​ដង​ជា​ដើម​។ល។ ធ្លាក់​រដូវ​ចុក​រមួល​​ពោះ​ហើយ​ អម​ដោយ​អាការៈ​ក្តៅ​ខ្លួន​... សុទ្ធ​សឹង​ជា​សញ្ញា​មិន​ធម្មតា ដែល​ស្ត្រី​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ផលវិបាក​ដ៏​ធ្ងន់ធ្ងរ និង​ដ៏​កម្រ​មួយទៀតនៃ​ការ​ឈឺ​ចាប់​ខ្លាំងនេះ​​​ គឺ​អាច​ជា​សញ្ញា​ប្រាប់ថា​អ្នក​អាច​មាន​​ជំងឺ​មួយ​ឈ្មោះ​ថា endométrioses ដែល​មាន​កើត​លើ​ស្ត្រី ម្នាក់​ក្នុង​ចំណោម​១០​នាក់។ តើ​អ្វី​ទៅ​ជា​ជំងឺ​អង់ដូមេទ្រី​យូស្ស ? ជា​ធម្មតា ឈាម​រដូវ​ត្រូវ​ហូរ​ធ្លាក់​ចេញ​មក​ក្រៅ តែ​ក្នុង​ករណី​មាន​​អង់ដូមេទ្រីយូស្ស្ស​​នេះ កោសិកា​​ភ្នាស​ស្បួន​ចេញ​ខុស​ផ្លូវ (មិនហូរ​​ធ្លាក់​មក​ក្រៅ​តាម​ទ្វារ​មាស​ទេ) និង​មិន​ត្រូវ​បាន​សម្អាត​រំលាយ​​អស់ឡើយ បែរ​ជា​ទៅ​តោងកក​លើ​សរីរាង្គ​​ផ្សេង​ទៀត ដូច​ជា​ផ្លោក​នោម ស្បែក​ពោះ ពោះ​វៀន​ធំ​ ហើយ​រីក​ធំ​លូត​លាស់​ទៅ​តាម​ចង្វាក់​និង​វដ្ត​នៃអ័រមូន រាល់​ខែ ជា​ហេតុ​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង ពិបាក​មាន​​កូន ឬ​ត្រូវ​កាត់​ស្បូន​ចេញ​តែ​ម្តង​ទើប​បាន។ តើ​ធ្វើ​ដូចម្តេច​ទើប​អាច​ដឹង​បាន​ថា​យើង​កំពុង​មាន​ជំងឺ​រោគ​ស្ត្រី​អង់ដូមេទ្រីយ៉ូស​នេះ និង​មិនមែន​ជា​ឈឺ​ធ្លាក់​រដូវ​ធម្មតា ? សូម​ស្តាប់​ការ​ពន្យល់​លម្អិត​បន្ថែម​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Pierre François Ceccaldi ប្រធាន​ផ្នែក​ជំងឺ​រោគ​ស្រ្តី​នៅមន្ទីរ​ពេទ្យ Beaujon  ជាយ​ទីក្រុង​ប៉ារីស ៖ “ជា​ដំបូង​ ជំងឺ​អង់ដូមេទ្រីយូស្ស មាន​ច្រើន​ប្រភេទ ដូច្នេះ​ការ​សម្តែងអាការៈ​ជំងឺ​ក៏​មាន​ច្រើន​បែប​យ៉ាងខុសៗ​គ្នា​​ដែរ។ ការ​វិនិច្ឆ័យ​រក​ជំងឺនេះ ជួន​ជា​ការ​លំបាក​ខ្លាំង ជួន​ក៏​ស្រួល ព្រោះ​តែ​យន្តការ​នៃ​ជំងឺ​មាន​លក្ខណៈ​ដូច​គ្នា​នឹង​យន្តការ​នៃការធ្លាក់​រដូវ ពោលគឺ​នៅពេល​ភ្នាស​រដូវ ត្រូវ​រំលាយ​ដោយ​រដ្ត​រដូវ ភ្នាស​អង់ដូមេទ្រីយូស្សចាប់​ផ្តើម​ចេញ​ឈាម​ដែរ ទើប​ធ្វើ​ឱ្យ​ស្ត្រី​មានការ​ឈឺ​ចុកចាប់​ខ្លាំង។ ជា​ការ​ឈឺ​ចាប់​ពីរ​ដោយ​ហេតុ​ពីរ​កើត​ក្នុង​ពេល​តែ​មួយ​ ទើប​ពិបាក​បែងចែង​។ ​ប៉ុន្តែ​ដោយ​សារ​ភាព​ជឿន​លឿន​នៃ​បច្ចេវិទ្យាពេទ្យ ដូច​ជា​មាន​ប្រដាប់​ថត​ឆ្លុះ​ អេកូ អ៊ឹមរ៉ាយ គេ​អាច​រក​មើល​ឃើញ​ជំងឺ​រោគ​ស្ត្រី​មួយនេះ ដោយ​មិន​ចាំបាច់​ត្រូវ​ធ្វើការ​វះកាត់​ចូល​ទៅ​មើល​ស្បូន​ផ្ទាល់​ដូច​មុន ទើប​ដឹង​ថា​ពួកគាត់​មាន​បញ្ហា​អង់ដូមេទ្រីយូស្សទេ។ គេ​ត្រូវ​ការ​វិនិច្ឆ័យ​រក​ឃើញ​ថា​មាន​ជំងឺ​អង់ដូមេទ្រីយូស្ស ឱ្យ​បាន​ឆាប់​ ព្រោះត្រូវ​តាម​ដាន​​ជំងឺ​នេះ​ទៅ​តាម​ដំណាក់កាល​នៃ​ជីវិត​របស់​ស្ត្រី។ បើកើត​នៅវ័យ​ក្មេង វា​ជាការ​ឈឺ​ចាប់​ដែល​រំខាន​ដល់​ការ​រស់​នៅ​​ប្រចាំ​ថ្ងៃ​របស់​យុវតី។ បើ​ជា​ស្ត្រី​ ពេញ​វ័យ​បង្ក​កំណើត​ វា​អាច​ធ្វើ​ឱ្យ​គ្មាន​កូន​។ ដូច្នេះ​ពេទ្យ​ពិនិត្យ​តាមដាន​ដើម្បី​បញ្ចៀសស្ត្រី​មិន​ឱ្យរង​ការ​​ឈឺ​ចាប់​ផង និង​ដើម្បី​លុប​​ផលរំខាន​ដែល​​មិន​ឱ្យស្រ្តី​មាន​​កូន​ផង។” អង់ដូមេទ្រីយូស្ស ជំងឺចាស់ តែ​ទើប​ចាប់​រៀន សូម​បញ្ជាក់​ថា​ ​ជំងឺ​អង់ដូមេទ្រីយូស្ស​នេះ​មិនមែន​ជា​ជំងឺ​ថ្មី​ទេ។ វេជ្ជសាស្ត្រ​ចាប់​ផ្តើមកត់ត្រា​សម្គាល់​ឃើញ​​ជំងឺ​នេះ តាំង​ពី​សម័យ​អេហ្ស៊ីបបុរាណ ក្នុង​អំឡុង​ឆ្នាំ​១៨៥៥​មុន​គ្រិស្តសករាជ​ទៅ​ទៀត។ កាលណោះ​គ្រូពេទ្យ​អេហ្ស៊ីប ប្រើ​ពាក្យ​ថា​ ការ​​ឈឺ​នៅផ្នែក​ខាង​ក្រោម​នៃពោះ។ គ្រូពេទ្យ​ក្រិក​ បាន​ថែម​ទាំង​ចាត់ទុក​អាការៈ​ចុកពោះ​នេះ​ថា​ជា​ជំងឺ​របស់​សរីរាង្គ ស្បូន នៅពេល​មាន​វដ្ត​រដូវ។ ប៉ុន្តែ​សេចក្តី​សន្និដ្ឋាន​ដំបូង​​របស់​គ្រូពេទ្យ​​ក្រិកនេះត្រូវ​បាន​គេ​កាយ​កប់​បំភ្លេច​ចោល​បន្តិចម្តងៗ ស្ទើរ​រលុប​បាត់​ទាំង​ស្រុង ... ឯ​ស្ត្រី​បន្ត​ឈឺ​ចាប់​ពេល​មក​ខែ​ដោយ​ពុំ​ដឹង​និង​ពុំ​យល់​អំពី​យន្ត​ការ​ជា​រហូត​មក។ នៅយុគសម័យកណ្តាល​ ស្ត្រី​ឈឺ​ពោះ​ពេល​ធ្លាក់​រដូវ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ស្រី​ធ្មប់  រង​អំពើ​ ... មានពុត... និយាយ​​ឱ្យ​ចំ គឺ​មិនមែន​ជា​ការ​ឈឺ​ដោយពិតៗ​ទេ។ បន្ទាប់​មក​ ក្នុង​រយៈ​ពេល​ដ៏​យូរ ដែល​ជំងឺ​ឈឺពោះ​អង់ដូមេទ្រីយ៉ូស្ស ត្រូវ​បាន​គេ​រាប់​បញ្ចូល​​ក្នុង​ចង្កោមនៃ​​​ជំងឺ​វិកលចរិក។​ ទាល់​តែ​ចូល​​ដល់​សតវត្សរ៍​ទី​១៩ ទើបពិភពលោក​អ្នក​វេជ្ជសាស្ត្រ​ចាប់​អារម្មណ៍​នឹង​ជំងឺ​អង់ដូមេទ្រីយ៉ូស​ជា​ថ្មី។ វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​រោគស្ត្រី​ជាតិ​អូទ្រីស Carl von Rokitansky បាន​ពិពរណា​​នៅឆ្នាំ​១៨៦០​ថា ជា​ជំងឺ​ដែល​មាន​​លេច​វត្តមាន​ស្រទាប់​ភ្នាស​ស្បូន នៅខាង​ក្រៅ​ស្បូន។ ឈ្មោះជំងឺ​ អង់ដូមេទ្រីយ៉ូស ត្រូវ​បាន​គេ​ហៅ​​ជា​លើក​ដំបូង នៅ​ឆ្នាំ​ ១៩២៧ ដោយ​គ្រូពេទ្យ​រោគស្ត្រី​អាមេរិក John Albertson Sampson។ ដូច្នេះ អង់ដូមេទ្រីយ៉ូស្ស មិនមែន​ជា​ជំងឺរោគស្ត្រី​ ទើប​លេច​ឡើង​ថ្មីថ្មោង​ទេ ប៉ុន្តែ​ជា​ជំងឺ​ដែល​នៅ​មាន​បង្កប់​ចម្ងល់​ខ្លាំង ហើយ​ទើប​ក្លាយ​ជា​មេរៀនក្នុង​កម្មវិធី​សិក្សា​​វេជ្ជសាស្ត្រ​ សម្រាប់​សិស្សនិស្សិត​ពេទ្យ ចាប់​ពី​ឆ្នាំ​២០២០​មក​នេះ​ តែ​ប៉ុណ្ណោះ៕
    3/9/2023
    9:59
  • ជំងឺមហារីក ៖ តើ​ធ្វើ​ដូចម្តេច​ទើប​អាចសម្រួល​​ផលរំខាន​នៃការ​ព្យាបាល​ដោយ​ថ្នាំគីមី ?
    ថ្ងៃ៤ កុម្ភៈ ជាទិវា​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​មហារីក។ បច្ចុប្បន្ន​នេះ ជំងឺមហារីកជា​ដើម​ហេតុ​ដំបូង​គេ​នៃ​មរណភាព​របស់​មនុស្ស​​នៅ​លើផែនដី។ មហារីក​​សម្លាប់​ជីវិត​ច្រើន​​ជាង​សង្គ្រាម​ និង​គ្រោះមហន្តរាយធម្មជាតិ​ទៅ​ទៀត។ ប៉ុន្តែ​មហារីក​ជា​ជំងឺ​ដែល​អាច​ព្យាបាល​បាន និង​ព្យាបាល​បាន​ជា។ គ្រាន់​តែ​ថាក្នុង​ពេល​​​ព្យាបាល​ ​អ្នក​ជំងឺ​អាច​ទទួល​ផលរំខាន​ ដោយ​ថ្នាំ​ធ្វើ​ទុក្ខ​ខ្លាំង​។ តើ​អ្នក​ជំនាញ​គ្មាន​មធ្យោបាយ​អ្វី​ជួយ​សម្រួល​អាការៈ​ធ្វើ​ទុក្ខ​របស់​ថ្នាំ​ទេ​ឬ ? តើ​អ្នក​ជំងឺ​មហារីក​ត្រូវ​ធ្វើ​យ៉ាង​ណា​ខ្លះ​ដើម្បី​អាច​ប្រឈម​នឹង​ឥទ្ធិពល​ថ្នាំ  ? មហារីក​ជា​ជំងឺ​គួរ​ឱ្យ​ខ្លាច​រអារ​បំផុត​ដែល​អាច​ឆក់​យក​ជីវិត​មនុស្ស​ទាំង​ក្មេង ប៉ុន្តែ​វេជ្ជសាស្ត្រ​កាន់​តែ​ជឿន​លឿន និងអាចព្យាបាល​ជំងឺ​មហារីក​បាន​កាន់​តែប្រសើរឡើង ឱ្យ​​បាន​ជា​សះស្បើយ​វិញ​ ក្នុង​អត្រា​កាន់​តែ​ខ្ពស់ នា​ពេល​បច្ចុប្បន្ន​នេះ ប្រសិនបើ​គេ​​វែក​ឃើញ​ជំងឺ​ បាន​ឆាប់​តាំងពី​ដំណាក់កាល​ដំបូង​មែនទែន។ ប៉ុន្តែការព្យាបាល​ជំងឺ​មហារីក ជាក់​ស្តែងការព្យាបាល​ដោយ​ថ្នាំគីមី​ អាច​បង្ក​ផលរំខានច្រើន និងការ​​ធ្វើ​ទុក្ខ​ខ្លាំង ដល់​អ្នក​ជំងឺ។ ព្យាបាល​ដោយ​គីមី គឺ​ជា​ការ​ប្រើ​ថ្នាំ​ចាក់​ ឬ​ថ្នាំ​លេប ដែល​សំដៅ​ទៅ​កម្ចាត់​កោសិកា​មហារីក​ ឬ​កំរិត​កោសិកា​មហារីក​កុំ​ឱ្យ​ពង្រីក​ខ្លួន ​ឆ្លង​រាលដាល​ទៅ​លើ​កោសិកា ឬ​សរីរាង្គ​ផ្សេង​ទៀត។ ប៉ុន្តែ​ថ្នាំ​ប្រភេទ​នេះ មាន​​អំណាច​ខ្លាំង អាច​វាយប្រហារ​លើ​កោសិកាល្អ ​គ្មាន​ជំងឺ និង​អាច​ផ្តល់​ផលវិបាក​ គួរ​ឱ្យ​ខ្លាច ដូច​ជា ជ្រុះ​សក់ ក្អួត​ ចង្អោរ ឈឺក្បាល នឿយហត់​ខ្លាំង រលាក​រលាត់​ស្បែក ... នៅពេល​មាន​អាការៈ​សញ្ញា​រំខាន អ្នក​ជំងឺ​ចាំបាច់​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជំងឺមហារីក​វិញ​ភ្លាម​ ដើម្បី​រិះរង​មធ្យោបាយ​ និង​ថ្នាំ​ព្យាបាល​អបបន្ថែម។ សម្រាប់លោកស្រី​វេជ្ជបណ្ឌិត​ អាឡិចសង់ដ្រា លារី នៅប្រទេស​បារាំង​វិញ គ្រូពេទ្យ​ពិត​ជា​អាច​រក​វិធី​ជួយ​សម្រួល​អាការៈ​ធ្វើ​ទុក្ខ​របស់​អ្នក​ជំងឺ​រង​ការព្យាបាល​ដោយ​គីមី​បាន​ច្រើន នៅ​តាម​ស្ថានភាព​ជាក់​ស្តែងនីមួយៗ។ ឧទាហរណ៍ ការ​ជ្រុះ​សក់។ គ្រប់​អ្នក​ជំងឺ​ទទួល​ការ​ព្យាបាល​ដោយ​ថ្នាំគីមី មិន​សុទ្ធ​តែ​ត្រូវ​ជ្រុះសក់​ទេ ប៉ុន្តែ​ជ្រុះសក់​ជា​ផលរំខាន​ដ៏ចម្បង​មួយ។ ​​ដើម្បីការពារ​ករណី​ជ្រុះសក់ មន្ទីរពេទ្យ​ជា​ច្រើន​នៅប្រទេសបារាំង ​កំពុង​ចាប់​ផ្តើម​សាក​ល្បង​វិធីសាស្ត្រ​ឱ្យ​អ្នក​ជំងឺ​​ពាក់​មួកត្រជាក់​ខ្លាំង​​ ដែល​មាន​សីតុណ្ហភាព​ប្រមាណ​៣​អង្សា ​ដូច​ប្រដាប់​ដាក់​ទឹក​កក​យក​មក​ស្អំក្បាល។ ហេតុ​អ្វី​មួកទឹកកក ? ពីព្រោះ​ភាព​ត្រជាក់​អាច​រឹត​បង្រួម​សរសៃ​ឈាមដែល​តភ្ជាប់​ទៅ​ចិញ្ចឹម​ស្បែក​ក្បាល ឱ្យ​រួម​តូច។ ជា​លទ្ធផល ថ្នាំ​គីមី​ព្យាបាល​ជំងឺ​មហារីក មិន​អាច​ហូរតាម​ឈាម​បានដោយ​​ស្រួល​ទៅត្រង់​ម្តុំត្រជាក់​ខ្លាំង​​នោះ ទើប​ឬសសក់​នៅ​មាំ​ល្អ​មិន​ជ្រុះ។ ប៉ុន្តែ​ការ​ពាក់​មួក​ទឹកកក​មិនមែន​តែ​អាច​ធ្វើ​ទៅកើត​ស្រេច​នឹង​ចិត្ត​ទេ។ ត្រូវ​មាន​ពិធីសារវេជ្ជសាស្ត្រ​ច្បាស់លាស់​ ដោយ​ត្រូវ​ពាក់តាំងពី​​មុន​ចាក់​ថ្នាំគីមី​កន្លះម៉ោង និង​​ នៅពេលកំពុង​ ហើយ​បន្ត​ពាក់​​ក្រោយ​​ចាក់​ថ្នាំគីមីហើយប្រហែល​កន្លះ​ម៉ោង​ទៀត។ ក្នុង​ករណីមួកត្រជាក់​​គ្មាន​ប្រសិទ្ធភាព សក់ក៏​នឹង​ដុះ​ឡើង​វិញ នៅពេល​ការ​ព្យាបាល​ដោយ​ថ្នាំ​គីមី​ចប់​សព្វគ្រប់ ឬ​នៅពេល​​អ្នក​ជំងឺ​បាន​ជា​សះស្បើយ​ពី​ជំងឺ ប៉ុន្តែ​នៅ​មាន​​ករណី​មួយ​ ដែល​វេជ្ជសាស្ត្រ​នៅមិន​ទាន់​អាច​រកឃើញ​មធ្យោបាយ​ជួយ​បានក្នុង​អំឡុង​ពេល​នៃការព្យាបាល គឺ​អាការៈ​អស់​កម្លាំង។ ប៉ុន្តែ​​​អ្នក​ជំងឺ​ផ្ទាល់​អាច​ជួយ​ខ្លួន​ឯង​តាម​រយៈ​កាយវិការ​ដ៏​សាមញ្ញៗ ដូច​ជា​បន្ត​បញ្ចេញ​សកម្មភាព​កាយ​សម្បទា ទទួល​ទាន​ឱ្យ​បាន​ជាប់​លាប់​និង​ត្រឹម​ត្រូវ។ នេះ​ជា​ការណែនាំរបស់​​អ្នក​ស្រីវេជ្ជបណ្ឌិត ចំពោះ​​គ្រប់​អ្នក​ជំងឺ​មហារីក​ទាំង​អស់​ សូម​ស្តាប់​ប្រសាសន៍​របស់អ្នក​ស្រី​វេជ្ជបណ្ឌិត Alexandra Leary “គ្រប់អ្នក​ជំងឺ​សុទ្ធ​តែបាន​ដឹង​ជា​មុន​​អំពីផលរំខាន​នៃ​ការព្យាបាល​ដោយ​ថ្នាំគីមី។ ប៉ុន្តែ​អ្វី​ដែល​លំបាកបំផុត​ គឺនៅ​ពេល​ជួប​ផលរំខាន​នោះដោយជាក់ស្តែង។ មាន​ផលរំខាន​ខ្លះ​ គ្រូពេទ្យ​អាច​ជួយ​បាន ប៉ុន្តែ​ផលរំខាន​ខ្លះ​ទៀត មិន​អាច​ទេ។ ខ្ញុំ​សូម​សារភាព​ដោយ​ត្រង់​ថា ខ្ញុំ​គ្មាន​ថ្នាំ​អី​លេប​ទៅ​ធ្វើ​ឱ្យ​បាត់​អាការៈ​អស់​កម្លាំង​ទេ។ ប៉ុន្តែ​ផ្ទុយទៅវិញ ​អ្នក​ជំងឺ​អាច​ជួយ​ខ្លួនឯង​បាន! សូម​បន្ត​រក្សា​ខ្លួន​ឱ្យ​មាន​សកម្មជានិច្ច ! កុំ​ដំអក់​យល់​ថាខ្លួន​ឈឺ ខ្លួន​​កើត​មហារីក​ ​ខ្សោយអស់​កម្លាំង​ហើយ​លាក់​ខ្លួន​ពួន​​ដេកនៅលើ​គ្រែ​ ក្នុង​ផ្ទះ​ឱ្យ​សោះ។ សូម​សាកល្បង​បញ្ចេញ​កម្លាំង​កាយ​សម្បទា ធ្វើ​សកម្មភាព​កីឡា។ ខ្ញុំ​មិន​ឱ្យ​អ្នក​ទៅ​ហក់លោត​ ឬ​រត់​ប្រណាំង​ម៉ារ៉ាតុង​ទេ តែ​អ្នក​អាច​ ហាត់ប្រាណ​ជំនួយ​បេះ​ដូង សរសៃ​ឈាម។ ភាព​សកម្ម នឹង​ជួយ​អ្នក​បាន​ច្រើនណាស់។ សូម​ជឿចុះ! ចំណែក​ឯ​របប​អាហារ​វិញ សូមកុំ​ធ្វើ​បាប​ខ្លួន​បង្អត់​ និង​តម​អាហារ​អី ជា​ពិសេស​ចំពោះ​អ្នក​ជំងឺ​ដែល​ស្រក​គីឡូ និង​ខ្សោយស្រាប់។ សូម​ចង​ចាំ​ថា​ នៅពេល​កំពុង​ព្យាបាល​ អ្នក​ជំងឺ​បាត់​បង់​ចំណង់​ក្នុង​ការ​ទទួល​ទាន ព្រោះ​ជួន​មាត់​លែង​ដឹង​រសជាតិ ​ ជួន​​ហេងហាង​ដូច​មានរសជាតិស៊ី​​ច្រេះក្នុងមាត់។ ដូច្នេះ​សូម​ជ្រើសរើស​មុខ​ម្ហូបណាដែល​មាន​រសជាតិ​ខ្លាំងៗ ខុស​​ប្លែក​ពី​អ្វី​យើង​មាន​ទម្លាប់បរិភោគកាលមុន​ឈឺ​ ជា​បន្លែផ្លែឈើ​ស្រស់ៗ ឬ​ជា​អាហារ​ហិរៗ បើ​មាត់​លែង​ដឹង​ជាតិ”។ អ្នក​ជំងឺ​មហារីកកំពុង​ចាក់​គីមី ​អាច​ស្វែង​ការ​វិធី​ជួយ​សម្រួល​អាការៈ​ធ្វើ​ទុក្ខ​​ ផ្សេង​ទៀត។ ជា​ជំនួយអម​វេជ្ជសាស្ត្រ​ ​ដែល​​​មិនមែន​ជា​ការ​ប្រើ​ថ្នាំ ដែល​មិនមែន​ជា​​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ តែ​គឺ​ការ​សម្រួល​សរសៃ សម្រួល​ចលនា ដូច​ជា​ការ​ធ្វើ​ម៉ាស្សាច្របាច់​បាត​ជើង ប្របាច់​សរសៃ ឬ​ដោយ​ការ​ប្រើ​ម្ជុលវិទ្យាសាស្ត្រ ព្រោះ​វិធីសាស្ត្រ​ទាំង​នេះ គ្មាន​ហានិភ័យប៉ះពាល់​ដល់​ការ​ព្យាបាល​ដោយ​ថ្នាំគីមីទេ គឺ​មាន​តែ​ផ្តល់​ផលល្អ​ដែល​អ្នក​ជំងឺ​នឹងដឹង​ភ្លាម​នៅពេល​បាន​សាកល្បងម្តង​ឬ​ពីរដង​។ បើ​តាម​អ្នកស្រីវេជ្ជបណ្ឌិត អ្នក​ជំងឺ​មហារីក​ចំនួន​ពាក់​កណ្តាល​ មាន​អារម្មណ៍​ថា​ធូរស្បើយ​ច្រើននៅពេល​បាន​ទទួល​ជំនួយ​អមវេជ្ជសាស្ត្រ៕
    2/1/2023
    7:58
  • មូសខ្លា​កាន់​តែ​ធុន​នឹង​ថ្នាំ តើ​ត្រូវ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនឈាម​បានយ៉ាងដូចម្តេច ?
    មូស​ដែល​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​ និង​ជំងឺ​ធ្ងន់ធ្ងរផ្សេងតៀត កំពុង​លូតលាស់​ស៊ាំ​នឹង​ថ្នាំ​បាញ់​មូស​យ៉ាង​ខ្លាំងក្លា នៅតំបន់​ខ្លះ​នៃ​ទ្វីបអាស៊ី។ ជា​ការ​ធុន​ខ្លាំង ដែល​តម្រូវ​ឱ្យ​យើង​ស្វែង​រក​មធ្យោបាយ​ថ្មី​ បន្ទាន់ សម្រាប់​ទប់​ស្កាត់​ការ​ចម្លង​ជំងឺ​។ នេះ​បើ​តាម​ការសិក្សា​ថ្មី​មួយ​របស់​ជប៉ុន​ទើប​ចេញ​ផ្សាយ​កាលពី​ចុង​ខែធ្នូ​ឆ្នាំ​២០២២។ ដុត​ធូប បាញ់​ថ្នាំ ...​ ជា​វិធី​សាស្ត្រ​កម្ចាត់​មូសដែល​បណ្តា​ជន​រស់​នៅ​តំបន់​ត្រូពិក​ តំបន់​មាន​មូស​ច្រើន តែង​ធ្វើ​ស្ទើរជា​រៀង​រាល់​ថ្ងៃ។ បាញ់​រាល់​ថ្ងៃ តែ​មូស​នៅតែ​ច្រើន​ដដែល។ ប្តូរ​ប្រភេទ​ថ្នាំ​បាញ់​មូស​ហើយ​ក៏​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធភាព។ តាម​ការពិត​ ភាព​ស៊ាំ​នឹង​ថ្នាំ​មូស​ ធ្លាប់​ត្រូវ​បាន​គេ​ខ្វល់​គិត​និង​ដឹង​ខ្លះ​មក​ហើយ គ្រាន់​តែ​​រហូត​មក​ទល់​នឹង​ពេល​នេះ គេ​នៅ​មិន​ទាន់​បាន​ដឹង​ថា​តើពពួក​មូស​ទាំង​អស់​នោះ​ធុន​នឹង​ថ្នាំ​សម្លាប់​សត្វ​ត្រឹម​កំរិត​ណា​តែ​ប៉ុណ្ណោះ។ នៅថ្ងៃ​នេះ អ្នក​វិទ្យាសាស្ត្រ​ជាតិ​ជប៉ុន​ លោក Shinji Kasai និង​ក្រុមការងារ​របស់​លោក បាន​ធ្វើការ​សិក្សា​អំពី​សត្វមូស​ នៅក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​នៅទ្វីប​អាស៊ី និង​នៅប្រទេស​ហ្កាណា​លើ​ទ្វីប​អាហ្វ្រិក។ ក្រុមអ្នក​ស្រាវជ្រាវ​បាន​សម្គាល់​ឃើញ​ហ្សែន​របស់​សត្វ​មូស បានធ្វើ​ការ​បំប្លែងច្រើន ទើប​សត្វ​មូសកាន់​តែ​ខ្លាំង​ហើយ​ស៊ាំ​នឹង​ពពួក​ថ្នាំ​បាញ់​ដែល​មាន​ប្រើប្រាស់​ស្ទើរ​ជា​ទូទៅ ផលិត​ដោយ​ប្រើ​សារធាតុ​Perméthrine។ បើតាម​លោក​កាសៃ មូស​ពពួក​Aedes aegypti មូសខ្លាដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​គ្រុន​ឈាម​ ហ្ស៊ីកា ឈីក និង​គ្រុន​លឿង នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​ជាង​៩០% មាន​ការ​បំប្លែង​ហ្សែន​ច្រើន​មែនទែន​រហូត​អាច​​ធុននឹង​ថ្នាំសម្លាប់​សត្វ​ល្អិត​ (ថ្នាំបាញ់មូស)។ ជា​ការ​ធុន​ខ្លាំង ​ក្នុង​កំរិតខ្ពស់​​​បំផុត។ នាយក​ដេប៉ាតឺម៉ង់​វេជ្ជសាស្ត្រ​សត្វល្អិត​នៃវិទ្យាស្ថាន​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​ជប៉ុនរូប​នេះ​ បាន​​រក​ឃើញ​ទៀត​ថា​ មូសប្រភេទ​ខ្លះ​ដែល​តាម​ធម្មតា​ត្រូវ​កម្ទេច​បាន​ទាំង​ស្រុង​(១០០%) ដោយ​ថ្នាំ​បាញ់​មូស​នោះ ឥលូវ​កម្ចាត់​បាន​ត្រឹម​តែ​៧%​ប៉ុណ្ណោះ។ ហើយ​បើ​ទោះ​បី​ជា​គេ​បង្កើន​កំរិត​ជាតិ​ពុល​ក្នុង​ថ្នាំ​បាញ់​មូស​នោះ​ឡើង​ទ្វេ​ជា​១០ ក៏​គេ​អាច​សម្លាប់​ពពួក​មូស​ទាំង​អស់​នោះ​បាន​ត្រឹម​តែ​៣០%​ យ៉ាង​ច្រើន។ ជា​សំណាង​ល្អ កំរិត​នៃ​ភាពធុន​នឹង​ថ្នាំបាញ់​មូស​ខុស​គ្នា​ពី​តំបន់​​មួយ​ទៅតំបន់​​មួយ សូម្បី​តែ​នៅ​ប្រទេស​វៀតណាម​ជាប់​របង​នឹង​ប្រទេស​កម្ពុជា​ ជា​ឧទាហរណ៍​ជាក់ស្តែង ក៏​កំរិត​នៃ​ភាព​ស៊ាំ​នឹង​ថ្នាំ​សម្លាប់​របស់សត្វ​មូសវៀតណាម​​ ខុស​ពីមូស​ខ្មែរដែរ។ នេះ​បើ​តាម​ប្រសាសន៍​បញ្ជាក់​របស់​លោក​កាសៃដដែល ដោយ​បន្ថែម​ថា នៅក្នុង​លទ្ធផល​នៃ​ការ​សិក្សា ថ្នាំបាញ់​មូស​នៅ​មាន​ប្រសិទ្ធភាព​ខ្ពស់ នៅឡើយ សម្រាប់​ប្រទេស​ហ្កាណាលើ​ទ្វីប​អាហ្វ្រិក សម្រាប់​តំបន់​ខ្លះ​​នៃ​ប្រទេស​ឥណ្ឌូណេស៊ី និង​កោះតៃវ៉ាន់។ ពពួក​មូស​ខ្លា ពូជ​Aedes albopictus ក៏​ចាប់​ធុន​នឹង​ថ្នាំ​បាញ់​មូស​ដែរ គ្រាន់តែ​ក្នុង​កំរិត​នៅ​ទាប​ជាង​ពូជ​មូស​Aedes aegypti។ ជា​មួយ​​ចម្ងល់ គ្មាន​ចម្លើយ​សោះ ជុំវិញ​មូល​ហេតុ​ ទីកន្លែង​និង​ពេល​វេលា​នៃការ​​បំប្លែង​ហ្សែន​របស់​សត្វ​មូស រហូត​ក្លាយ​ជា​សត្វ​ធុន​ខ្លាំង​នឹង​ថ្នាំ​សម្លាប់​ល្អិត​ លោក​កាសៃ ព្រួយ​បារម្ភ​ខ្លាច​តែ​ភាពស៊ាំ​របស់​មូស ដែល​រក​ឃើញ​នៅ​ពេល​នេះ បន្ត​រីករាល​ដាល យ៉ាង​លឿន​រហ័សក្នុង​អនាគត​ដ៏​ខ្លី​​នៅ​ពេញពិភពលោក​ទេ។ បើ​មូស​ធុន​នឹង​ថ្នាំ​សម្លាប់​សត្វ​ល្អិត តើ​គេ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​វា​បាន​យ៉ាង​ដូចម្តេច​ទៅ​វិញ​ទៅ ?! លោក កាសៃ បាន​ណែនាំ​ឱ្យ​ឧស្សាហ៍​ប្តូរផ្លាស់​ប្រភេទ​ថ្នាំ​បាញ់​មូស តែ​លោក​ក៏​បាន​ទទួល​ស្គាល់​ដែរ​ថា បញ្ហា​ដ៏​ចម្បង​នោះ គឺ​គ្រប់​ថ្នាំបាញ់​មូស​ មាន​សារធាតុ​សកម្មប្រហាក់ប្រហែល​គ្នា​។​ ដូច្នេះ​ជម្រើស​ដ៏​ប្រសើរ​ជាង​គេ​មួយ​ទៀត គឺ​ត្រូវ​ពង្រឹង​កិច្ច​ខិត​ខំប្រឹងប្រែង​ លុប​បំបាត់​តំបន់​ជា​ជម្រកបង្កបង្កើត​មូស​ ឬ​ត្រូវ​រក​បច្ចេកវិទ្យា​ថ្មី​ណា​ដែល​ទៅ​ធ្វើ​មូសឈ្មោល​អារ មិន​អាច​បន្ត​ពូជ​បាន​។ ចេញ​ផ្សាយក្នុង​ទស្សនាវដ្តី​Science Advances ​កាលពី​ចុង​ខែ​ធ្នូ​២០២២ ការ​សិក្សារបស់​អ្នក​ជំនាញ​នៅ​សកលវិទ្យាល័យ​Sydney លោក កាមឺរោន វេប  Cameron Webb បាន​បង្ហាញ​ថា យុទ្ធសាស្ត្រ​ដែល​មនុស្ស​លោក​កំពុង​ប្រើ​ជា​ប្រចាំ​និង​ជា​ញឹកញយ ​​នាពេល​បច្ចុប្បន្ន​នេះ​លែង​សូវ​មាន​ប្រសិទ្ធភាពប្រឆាំង​នឹង​សត្វល្អិត​ចង្រៃមូសហើយ។ គេចាំបាច់​​ត្រូវ​តែ​ស្វែង​រក​សារធាតុគីមីថ្មី​​ ប៉ុន្តែ​អាជ្ញាធរ​និង​អ្នក​វិទ្យាសាស្ត្រ​ត្រូវ​ពិចារណាផង​ដែរ ​រក​វិធីសាស្ត្រ​ថ្មី សម្រាប់ការពារ​ ដូច​យ៉ាង​ថ្នាំបង្ការជំងឺ​​វិញ​ទៀត​ប្រសើរ​ជាង។ បើ​តាម​អង្គការ​សុខភាពពិភពលោក ករណី​កើត​ជំងឺ​គ្រុន​ឈាម​បាន​កើន​ឡើង​ គួរ​ឱ្យ​កត់​សម្គាល់​ និង​ព្រួយ​បារម្ភ​ នៅ​ទូទាំង​ពិភពលោក នា​រយៈ​ពេល​២០​ឆ្នាំ​ចុងក្រោយ​មក​នេះ​។ ​ក្នុង​មួយ​ឆ្នាំៗ មាន​មនុស្ស​ក្មេង​ចាស់​ប្រុសស្រី ប្រមាណពី​១០០​ទៅ​៤០០​លាន​នាក់កើត​​ជំងឺគ្រុនឈាម​ ក្នុង​នោះ​៨០%​ជា​អាការៈ​ជំងឺ​ស្រាល​ ឬ​គ្មាន​រោគ​សញ្ញាទេ តែ​ក៏​មាន​អ្នក​ជំងឺ​មិន​តិច​ដែរ បាន​ស្លាប់​ដោយ​ជំងឺ​គ្រុនឈាម។ នេះ​​បើតាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោកដដែល។ មក​ទល់​នឹង​ពេល​នេះ គេរក​ឃើញ​​ថ្នាំ​បង្ការ​ជំងឺ​គ្រុនឈាម​បាន​ពីរបី​មុខ​ដែរ គឺ​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​ជប៉ុន​ Takeda និង​ក្រុមហ៊ុន​បារាំង។ ប៉ុន្តែ​ប្រសិទ្ធភាពនៃ​​​​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​បារាំង សាណូហ្វី នៅមាន​កំរិត​ណាស់ ដោយវា​​អាច​បង្ក​ផល​រំខាន​ធ្ងន់ធ្ងរ​ដល់​​អ្នក​ដែល​មិន​ធ្លាប់​កើត​ជំងឺ​គ្រុន​ឈាមសោះ។ មាន​ន័យ​ថា​ថ្នាំ​បង្ការ​Dengvaxia របស់​បារាំង​ បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​ នៅអឺរ៉ុប​តាំងពី​ឆ្នាំ​២០១៨​មក​មែន តែ​សម្រាប់​ប្រជាពលរដ្ឋ​រស់​ក្នុង​តំបន់​ប្រឈម​នឹង​ជំងឺគ្រុន​ឈាម​ខ្លាំង និង​សម្រាប់​អ្នក​​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម​ដោយ​ពិតៗ។ វ៉ាក់សាំង​Dengvaxia អាច​​ការ​ពារ​មិន​ឱ្យ​ជំងឺ​ធ្លាក់​ក្នុង​ទម្រង់​ធ្ងន់​ធ្ងរ​ដែល​កើត​ឡើង​ជា​ញឹកញាប់​ចំពោះ​អ្នក​ដែល​ឆ្លង​ជំងឺ​គ្រុន​ឈាមញយ​ដង។ ចំណែក​​ថ្នាំ​បង្ការ​ជំងឺ​គ្រុនឈាម​ជប៉ុន Qdenga ​ទើប​អនុម័ត​ឱ្យ​ប្រើប្រាស់​ កាលពី​ឆ្នាំ​ទៅ និង​ជា​លើក​ដំបូង​គេបង្អស់ ដោយ​ប្រទេស​ឥណ្ឌូណេស៊ីតែ​មួយ​គត់។ Qdenga ជា​ថ្នាំ​បង្ការ​របស់​ជប៉ុន​សុទ្ធសាធ និង​​អាច​ចាក់​លើ​មនុស្ស​គ្រប់​វ័យ​ចាប់​ពី​អាយុ​៤​ឆ្នាំ​ឡើង​ទៅ​។ អ្នក​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម និង​អ្នក​មិនធ្លាប់​កើត​ សុទ្ធ​តែអាច​ចាក់​បាន​ដូច​គ្នា និង​ទទួល​លទ្ធផល​ដូច​គ្នា។ នៅក្នុង​ការ​សាកល្បង​ លើ​កុមារ និង​មនុស្សធំ ជាង ២៨០០០នាក់ ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ ថ្នាំ​បាន​ផ្តល់​លទ្ធផល​គួរ​ជាទីគាប់​ចិត្ត ដោយ​មាន​​ប្រសិទ្ធភាព​ដល់​ទៅ ៨៤% ទប់​មិន​ឱ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ឈឺ​ចូល​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ និង​​​មិន​ឱ្យ​លេច​សញ្ញា​រោគ​គ្រុនឈាមបាន​ ៦១%៕
    1/25/2023
    9:16
  • តើយើង​គួរ​ព្រួយ​បារម្ភ​នឹង​ការ​ខ្វះ​ថ្នាំផ្សះ ​Amoxicilline ដែរឬទេ ?
    កាលពី​ចុង​ខែ​ធ្នូ ប្រឈម​នឹង​រលក​ចម្លង​កូវីដ​១៩​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ប្រទេស​ក្រោយ​ការ​លុបចោល​នយោបាយ​សូន្យ​កូវីដ រដ្ឋាភិបាល​ចិន​ បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន ស្តុក​ទុក​​ឱស​ថ​ចាំបាច់​និង​សំខាន់ៗ​​សម្រាប់​រដ្ឋ ដោយ​មិន​ត្រូវ​លក់​ចែកចាយ​ទៅ​ឱ្យ​ឯកជន​ទេ។ ​កង្វះ​ឱសថ​មិនមែន​ជា​បញ្ហា​របស់ប្រទេស​​ចិន​តែមួយ​ឡើយ​ តែ​ជា​បញ្ហា​របស់​ពិភពលោក​ទាំង​មូល។ តាំងពី​ជា​ច្រើន​ខែ​មក​នេះ ពិភពលោក​ទាំង​មូល​កំពុង​ប្រឈម​នឹង​ការ​ខ្វះ​ថ្នាំ​ព្យាបាលជំងឺ​​ជា​ច្រើន​មុខ។ បាតុភូត​ខ្វះ​មូលេគុល​ថ្នាំ​នេះ​បានលេច​ឡើង​តាំងពី​ជា​ច្រើនទសវត្សរ៍​មក​ហើយ​ ដោយ​និន្នាការ​​សកលភាវូបនីកម្ម ប្រមូល​ផ្តុំ​ការ​ផលិត​សារធាតុ​សកម្មនៅតែ​​អាស៊ី ក្នុង​ប្រទេស​ពីរ​បីមាន​។ ​ប៉ុន្តែ​វា​ទើប​ស្តែង​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់​ និង​កាន់​តែ​ធ្ងន់ធ្ងរ នៅពេល​ពិភពលោក​ឆ្លង​កាត់​វិបត្តិ​រោគរាតត្បាត​សកល​កូវីដ​១៩។ កាលពី​ឆ្នាំ​២០២១ ភ្នាក់ងារសន្តិសុខ​​ឱសថបារាំង បាន​ទទួល​សញ្ញា​ថា​មាន​បញ្ហា​ស្តុក​ថ្នាំ​ចំនយណ​២១៦០​ករណី ទល់​នឹង​៤០៥​ករណី​កាលពី​ឆ្នាំ​២០១៦ និង​១៥០៤​ករណី​នៅឆ្នាំ​២០១៩ និង​ឡើង​ដល់​២៥០០នៅឆ្នាំ​២០២០ ពេល​វិបត្តិ​កូវីដ​កំពុង​ពេញ​អំណាច។ សម្ពាធ​ផ្នែក​ឱសថ​មិនមែន​កើត​មាន​តែ​ក្នុង​ប្រទេស​បារាំង​ ​ដូច​បាន​រៀប​រាប់​មក​នេះ​ទេ​ សហរដ្ឋ​អាមេរិក កាណាដា អូស្ត្រាលី អង់គ្លេស អាល្លឺម៉ង់ ... ក៏​កំពុង​ទាញ​សញ្ញា​អាសន្ន​ខ្វះ​ថ្នាំ ជា​ច្រើន​មុខ​​ដែរ។ ​ចិន ប្រទេស​ជាប់​ឈ្មោះ​ជាអ្នក​ផលិត​​សារធាតុ​សកម្ម​របស់​ថ្នាំ​ដ៏​ធំ​ជាង​គេ​បំផុត​ ក៏​ប្រកាស​ហាមឃាត់​មិន​ឱ្យ​ក្រុមហ៊ុន​ឱសថ​លក់​ថ្នាំ​ចែកចាយ​ឱ្យ​ឯកជន​ទេ ត្រូវ​ទុក​សម្រាប់​ផ្គត់ផ្គង់​ឱ្យ​រដ្ឋ។ សម្រាប់​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ​ផ្ទាល់ ពួកគេ​បន្ទោស​គំរូ​សេដ្ឋកិច្ច​ដែលក្រុមហ៊ុន​មន្ទីរ​ពិសោធន៍​ធំៗ​ គិត​តែ​ពី​ផលប្រយោជន៍​ គិត​តែ​ពី​ស្វែង​រក​ផល​​ចំណេញ​​ តាម​រយៈ​ការ​ផលិត​ថ្នាំ​ថ្មីៗ ហើយ​បោះបង់ ឬ​លែង​សូវ​ខ្វល់​គិត​ផលិត​មូលេគុល​ចាស់។ បើ​តាម​របាយការណ៍​ ​ ​មួយ ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០២០ នៅ​ប្រទេស​បារាំង ​ថ្នាំរក​ឃើញ​​ថ្មីៗ​ លក់​បាន​ថ្លៃ មាន​បញ្ហា​យ៉ាង​តិច​តួច​បំផុត។ តើ​ពិភពលោក​កំពុងប្រឈម​នឹង​ការ​ខ្វះ​ថ្នាំអ្វីខ្លះ ? ​ថ្វីបើ​​ពពួក​ថ្នាំ​ដែល​មាន​ប្រយោជន៍​ចម្បង​ក្នុងការ​ព្យាបាល​ជំងឺ​បីប្រភេទ ប្រឆាំង​ការ​បង្ក​រោគ ថ្នាំ​សម្រាប់​ប្រព័ន្ធប្រសាទ និង​ប្រព័ន្ធសរសៃឈាម​បេះដូង កំពុង​តាន​តឹង​ខ្លាំង​មែន តែ​បញ្ហាខ្វះខាត​ដែល​​ប្រឈម​ខ្លាំងជាង​គេ​ មាន​ទាក់ទង​ជា​ពិសេសតែម្តង​​នឹង​ពពួក​​​ថ្នាំ​ដែល​មាន​ការ​ប្រើប្រាស់​ជា​ញឹកញាប់​ជាង​គេ​តែ​ម្តង។ នោះ​​ ​គឺ​ថ្នាំបំបាត់​ការ​ឈឺចាប់ បំបាត់​អាការៈ​ក្តៅ​ខ្លួន ថ្នាំ​ផ្សះ មាន​ជា​អាទិ៍​ ថ្នាំប៉ារ៉ាសេតាមុល ... និង​ ថ្នាំ​អាម៉ុកស៊ីស៊ីលីន។ ជា​ដំណោះស្រាយ​សម្រាប់​រយៈ​ពេល​ខ្លី ក្រុមហ៊ុន​ឧស្សាហកម្ម​ឱសថ​ចាប់ផ្តើម​បង្កើន​ល្បឿន​ផលិត​ឡើង​វិញ ចំណែក​អាជ្ញាធរ​សុខាភិបាល​បាន​ណែនាំ​ឱ្យ​អ្នក​ជំនាញ​សុខភាព យក​​មូលេគុល​ដែល​នៅ​មាន​មក​​ប្រើជំនួស​​មូលេគុល​ខ្វះ​ខាត​ ប្រសិន​បើ​អាច​ ឬ​កំរិត​រយៈ​ពេល​ប្រើប្រាស់ ជា​ដើម។
    1/20/2023
    8:03
  • ហេតុ​អ្វីជង្គង់​ឈឺ ? តើ​ត្រូវធ្វើ​ដូចម្តេច ?
    ឆ្អឹងស្ពោត រលាក​សន្លាក់​ បុក​ទង្គិច គ្រេច ... រោគ​នៅ​ជង្គង់​មាន​ច្រើន។ មូលហេតុ​នាំ​ឱ្យ​ឈឺ​ជង្គង់​ក៏​មាន​ច្រើន និង​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ តែ​ការ​ឈឺ​ចុក​ចាប់នៅ​​ក្បាល​ជង្គង់​ គាំង​តឹង​រោយ ជា​រោគ​សញ្ញា​រួម​។​ ហេតុអ្វី ឈឺជង្គង់ និង​ត្រូវ​ធ្វើ​ដូចម្តេច ? តើ​គេ​អាច​ថែ​រក្សា​ជង្គង់​ និង​កាត់​បន្ថយ​​ការ​ឈឺ​ចាប់​នៅ​ជង្គង់​បាន​ដោយ​វិធីណា​ខ្លះ ? ជង្គង់​គឺ​ជា​សន្លាក់​ដ៏​ចម្បង​​គេ​របស់​សរីរាង្គកាយ​មនុស្ស ព្រោះ​វា​ជា​ទម្រ​ភ្ជាប់ពី​​ជើង​ទៅ​ភ្លៅ។ សន្លាក់​ជង្គង់​ ស្នូល​សម្រាប់​ការ​បត់​បែន​នៃរាងកាយ​ ដោយ​ចេះ​បែង​ចែកការ​ទ្រ​​ទម្ងន់​នៃ​​ខ្លួន​ប្រាណ និង​ដើរ​តួរ​សំខាន់​​ក្នុង​ការ​ធ្វើ​ចលនា​របស់​ជើង​ផង។ សន្លាក់​ជង្គង់​ទាំង​មូល គឺរាប់​តាំងពី​ចុង​ខាង​ក្នុង​នៃ​ឆ្អឹង​កំភួន​ជើង ទៅដល់​ចុង​ឆ្អឹង​ភ្លៅ​ ព្រមទាំង​គ្រាប់​អង្គុញ​ក្បាល​ជង្គង់​នៅ​ផ្នែក​ខាង​មុខ​ផង។ ដោយ​សារ​តួនាទី​ដ៏​ច្រើន និង​ដ៏​សំខាន់​របស់​សន្លាក់របស់​ជង្គង់​នេះ​ហើយ ទើប​ពេល​ខ្លះ ជង្គង់​ងាយ​​រិច​រិល​និង​ទ្រុឌទ្រោម ហើយ​អាច​បង្ក​ឱ្យ​មាន​ការ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង​នៅក្បាល​ជង្គង់។ អាការៈ​សញ្ញា​រោគ​នៃ​ការ​ឈឺ​ក្បាល​ជង្គង់​ មានសំខាន់​ពីរ គឺ​ ការ​ឈឺ​ចុកចាប់ និងការ​រឹង​គាំង។ នេះ​បើ​តាមកា​រពន្យល់​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អាឡាំង សូតតេ ដោយ​លម្អិត​ទៀត​ថា ការ​ឈឺ​ចុកចាប់​អាច​កើត​ឡើង​ដោយ​ចលនា មាន​ន័យ​ថា ឈឺដោយ​ពេល ឈឺ​​​​ខ្លាំង​ពេល​ធ្វើ​ចលនា និង​អន់​ឈឺ​ពេល​នៅស្ងៀម ឬ​ជា​ការ​ឈឺ​ចុកចាប់​ដោយ​មាន​ការ​រលាក។ ក្នុង​ករណី​នេះ ការ​ឈឺ​ចុកចាប់​អាច​ខ្លាំង​ រហូត​ដាស់​អ្នក​ទាំង​យប់​។ ជា​ទូទៅ ជង្គង់​ឡើង​ប៉ោង​ហើម ក្តៅ និង​ជួន​ឡើង​ក្រហម​ទៀត​ផង។ បើ​​​ជង្គង់​​​រឹង​គាំងវិញ ​វានឹង​​បង្កការ​លំបាក​នៅពេល​បត់ ឬ​នៅពេល​លា ហើយ​​រំខាន​ខ្លាំង​នៅពេល​ដើរ។ ចុះ​តើ​នៅ​ពេល​ណា និង​មាន​រោគ​សញ្ញាយ៉ាងណា ​ដែល​ជំរុញ​ឱ្យ​អ្នក​ជំងឺត្រូវ​តែ​​ទៅ​ស្វែង​រក​ការ​ព្យាបាល ពិគ្រោះ​ជំងឺ​ពី​គ្រូពេទ្យ ? សូម​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត អាឡាំង​សូតតេ  គ្រូពេទ្យ​ឯកទេស​នៅមន្ទីរ​ពេទ្យ សាំងអង់ទាន់ ក្រុង​ប៉ារីស ៖ លោក​សាស្ត្រាចារ្យ អាឡាំង សូតតេ ៖ “ទីមួយ គឺ​នៅពេល​អាការៈ​ឈឺ​ជង្គង់​មាន​អម​ដោយការ​​លំបាក​ក្នុង​ការ​ដើរ ក្នុង​ការ​ឡើង​ជណ្តើរ ឬ​មាន​សញ្ញា​រោគ​អម​សម្គាល់​​មួយ​ទៀត គឺ​ជង្គង់​ឡើង​ប៉ោងធំ​លើស​ប្រក្រតី ដែល​រំខាន​ការ​ធ្វើ​ចលនា ជាពិសេស​​មិន​អាច​បត់​-បន្ទន់​បាន។” ក្នុង​នាម​​ជា​សន្លាក់​ទម្រ ជង្គង់​​​​ងាយនឹង​ឈឺ​ណាស់​។ តើ​នេះ​បណ្តាល​មក​ពី​អ្វី​ ? ឬ​អាច​ចោទ​សួរ​បញ្ច្រាស​មក​វិញ​ថា តើ​អ្វី​ជា​បញ្ហា​ដែលអាច​​កើត​មាន​ច្រើន​ចំពោះ​ជង្គង់ ? សូម​ស្តាប់​ប្រសាសន៍​របស់​លោក​សាស្ត្រាចារ្យ សូតតេ ជា​ថ្មី ៖ “ជង្គង់អាច​ជួប​​បញ្ហា អាស្រ័យ​ទៅ​លើ​ដំណាក់កាល​នៃ​ជីវិត។ ចំពោះ​មនុស្ស​វ័យ​ក្មេង សកម្ម និង​ជា​អ្នក​កីឡា នោះ​ជំងឺ​របស់​ជង្គង់​មាន​ពាក់​ព័ន្ធ​នឹង​ប្រភេទ​កីឡា ដូច​ជា​គ្រេច ដាច់ឬ​ព័ន្ធ​សរសៃ​ជង្គង់ ឬ​បាក់។ ជា​មួយ​ពេលវេលា​កាន់​តែ​ទៅ​មុខ ជង្គង់​អាច​ជួប​បញ្ហា​បង្ក​ឡើង​ដោយ​ការ​ឡើង​ទម្ងន់។ ចំពោះ​មនុស្ស​ចំណាស់ ចូល​ដល់​មជ្ឈិមវ័យ ការ​ឈឺ​​ជង្គង់​ច្រើន​តែ​បញ្ហា​ ដែល​បង្ក​ឡើង​ដោយជំងឺ​សឹកខូច​​សន្លាក់។ សន្លាក់​ដែល​តភ្ជាប់​ពី​ជង្គង់​ទៅ​ឆ្អឹង​កំភួន​ជើង ឬត​ ​​ទៅ​ឆ្អឹង​ភ្លៅ។ តំណដែល​មាន​ឈ្មោះ​បច្ចេកទេស​ Patella ដែល​យើង​តែ​ទម្លាប់​ហៅ​​គ្រាប់​អង្គុញ​ជង្គង់។ ការ​រលាក​សន្លាក់ រលាក​សរសៃ រលាក​ឆ្អឹង ក៏​ជា​ដើមហេតុ​មួយ​ដែល​នាំ​ឱ្យ​ឈឺក្បាល​ជង្គង់​ដែរ។ តែ​វា​ករណី​ដ៏​កម្រ​បំផុត​ដែល​ការ​ឈឺ​ក្បាល​ជង្គង់​អាច​បណ្តាល​មក​ពី​មានដុះ​ដុំ​សាច់ ឬ​ដុំ​មហារីក​ នៅលើ​ផ្នែក​ណាមួយ​នៃសន្លាក់​ជង្គង់​ (​ឆ្អឹង ឆ្អឹង​ខ្ចី ...)។ ដើម្បី​អាច​រក​ឃើញ​មូលហេតុ​នៃ​ការ​ឈឺ​ជង្គង់ គ្រូពេទ្យ​អាច​តម្រូវឱ្យ​អ្នក​ជំងឺ​ទៅ​ថត​ឆ្លុះ​ ធ្វើ​Radio ថត​ពី​មុខ និង​ពី​ចំហៀង។ ការ​ថត​រ៉ាយោ​ សឹង​តែ​គ្រប់​គ្រាន់​សម្រាប់​ផ្តល់​ការ​វិនិច្ឆ័យ​រោគ​​ឈឺ​ជង្គង់ ភាគ​ច្រើន។ មាន​ករណី​ឈឺ​តិច​តួច​ណាស់ ដែល​គ្រូពេទ្យ​អាចណែនាំឱ្យ​ថត​អឹមរ៉ាយ ឬ​ថត​ស្កាន​។ ការ​ថត​បែបនេះ​មិន​ត្រូវ​ធ្វើ​ឡើង​ជា​ស្វ័យប្រវត្តិ​ឡើយ ព្រោះ​គ្មាន​ប្រយោជន៍។ ជា​ទូទៅ​មនុស្ស​គ្រប់រូប​នៅពេល​ចូល​ដល់​វ័យ​ចាប់​៤០​ឆ្នាំ​ ជង្គង់ច្រើន​ចាប់​មាន​សញ្ញា​ចាស់​ទ្រុឌទ្រោម ថត​ទៅ​ឃើញ​មាន​ស្នាម នាំ​ឱ្យ​គិត​ថា​មាន​បញ្ហា​សន្លាក់​ រួច​ទៅ​ចាក់​រុក​មើល​បន្ថែម​ឥត​អំពើ។ វិធី​សាស្ត្រ​វិភាគមួយ​ទៀត គឺការ​ចាក់​យក​ទឹក​នៅក្បាល​ជង្គង់​មក​វិភាគ​ដើម្បី​បែង​ចែក​​អាការៈ​ហើម​ឈឺ​បណ្តាលមក​ពី​ការ​បង្ក​រោគ ឬ​ការ​រលាក។ ក្នុង​ពេល​រង់​ចាំ​ការ​ពិគ្រោះ​ជំងឺ​វែក​រក​មូល​ហេតុ​នៃ​ការ​ឈឺ​ជង្គង់ គេ​អាច​បំបាត់​ឬ​បញ្ចុះ​ការ​ឈឺចាប់​ ​ដោយ​អាច​​សាកល្បង​ព្យាបាល​ដោយខ្លួន​ឯង ដោយ​​ប្រើ​ថ្នាំ លាបថ្នាំ​រឹត ឬថ្នាំ​​លេប​បំបាត់​ការ​ឈឺ​ចុកចាប់​ពពួក​ប៉ារ៉ាសេតាម៉ុល ពីរបី​ថ្ងៃយ៉ាងយូរ និង​ ដោយ​ការ​ប្តូរ​ផ្លាស់​ទម្លាប់​ប្រចាំ​ថ្ងៃ​បន្តិច​បន្តួច​ ដ៏​សាមញ្ញ។ បើ​ជា​ការ​ឈឺ​ជង្គង់​បង្ក​ឡើង​ដោយ​ការបុក​ទង្គិច-ដួល​ ៖ ត្រូវ​​បញ្ឈប់​ធ្វើ​ចលនា និង​សកម្មភាព​កីឡា​។ ថ្នម​ជង្គង់​ដោយ​ចៀស​កុំ​ប្រើកម្លាំង​សង្កត់​លើ​ជើង ស្អំជង្គង់​ដោយ​ទឹក​ត្រជាក់ឬ​ទឹកកក​ រុំ​ជើងតែ​កុំ​រឹតតឹង​ត្រង់​​ក្បាលជង្គង់ ឧស្សាហ៍​លើក​ជើង ដើម្បី​កុំ​ឱ្យ​ហើម​ជើង បើជាការ​ឈឺ​ដោយ​មូលហេតុ​ផ្សេង ចៀសវាង​កុំ​ដើរនៅពេល​កំពុង​ឈឺ​ និង​កុំ​ឈរ​យូរ​ ឧស្សាហ៍​ទម្រេខ្លួន និង​សម្រាក ចៀសវាង​កុំ​លើក​-យួរ របស់​ធ្ងន់ បន្ត​ដើរ​ជា​ប្រចាំ​នៅពេល​ឈប់​ឈឺ បើ​ចាំបាច់​ ​គួរ​តែ​ប្រើ​ឈើច្រត់​ ដើម្បី​ជួយ​សម្រាល​ទម្ងន់​កុំ​ឱ្យ​សង្កត់​ទៅ​លើ​សន្លាក់​ពេក ពេល​សំរាន្ត​ សណ្តូក​ជើង​យក​ខ្នើយ​កល់​ចុង​ជើង​ឱ្យ​ខ្ពស់​​ស្មើ​ក្បាល ថែទាំជើង ដោយ​ជ្រើសរើស​ស្បែក​ស្រួលពាក់​ និង​គ្មាន​កែង ហើយ​បើចង់​ឱ្យ​​កាន់​តែ​ប្រសើរ​ខ្លាំងទៀត ត្រូវ​សម្រក​ទម្ងន់ ព្រោះ​ធាត់​ជា​មារ​ចាំ​ផ្ចាញ់​ជង្គង់។ ​នេះ​ដំបូន្មានណែនាំដោយ​​លោក​សាស្ត្រាចារ្យ​ សូតតេ​​ ស្តីពី​ការ​ថែរក្សា​សុខភាព​ជង្គង់​ឱ្យ​បាន​មាំ​មួន​ល្អ​យូរអង្វែង។ សូម​ស្តាប់​ប្រសាសន៍​របស់​​លោក​សាស្ត្រាចារ្យ​ ៖   “កត្តា​អវិជ្ជមាន​ដ៏​សំខាន់​ដែល​ជំរុញ​ឱ្យ​មាន​ជំងឺ​សន្លាក់​គឺ​ ជំងឺ​ធាត់។ ជា​ឧទាហរណ៍​ជាក់​ស្តែង​នៅ​ក្នុង​ប្រទេស​បារាំង មាន​ការ​វះកាត់​ប្តូរ​ឆ្អឹង​ត្រគៀក​ ចំនួន ១២៥០០០​ករណីនិង​​៩០០០០​ជា​ការ​វះកាត់ប្តូរ​​ជង្គង់។ ចំណែក​នៅសហរដ្ឋ​អាមេរិក​ដែល​មាន​ប្រជាជន​ជិត​៤០%​ជា​មនុស្ស​ធាត់​ជ្រុលវិញ មាន​ការ​វះកាត់​ប្តូរ​ឆ្អឹង​ត្រគៀក និង​ជង្គង់ ច្រើន​ជាង​នៅ​បារាំង​ដល់​ពីរ​ដង។ ដូច្នេះ ការ​ធាត់​ជ្រុល​ជា​កត្តា​សម្រួល​ឱ្យ​មាន​បញ្ហា​សន្លាក់​ក្បាល​ជង្គង់។​” បញ្ចុះ​ទម្ងន់ ធ្វើកីឡា​ហែលទឹក ធ្វើ​ចលនា​សរសៃ សុទ្ធ​សឹង​ជា​មធ្យោបាយ​ព្យាបាល​ការ​ឈឺ​ជង្គង់។ គ្រូ​ពេទ្យ​ក៏​អាច​ផ្តល់​ថ្នាំ​រឹត​ ជា​ជែល ជា​បង់​រុំ ឬ​ការ​ប្រើប្រាស់​ថ្នាំលេប​​​ ពពួក​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ​ក្នុង​ករណី​ចាំបាច់​ខ្លាំង។ ជួន​អាច​មាន​ការ​ផ្តល់​ថ្នាំពពួក​Corticoïde។ ការ​វះកាត់​ប្តូរ​ជង្គង់​អាចនឹង​មាន​​ស្នើ​ឡើង​ ប្រសិន​បើ​គ្រប់​វិធី​ព្យាបាល​ជួប​បរាជ័យ៕
    1/11/2023
    8:05

Stazioni simili

Su នាទីសុខភាពនិងអនាម័យ

Pagina web della stazione

Ascolta នាទីសុខភាពនិងអនាម័យ, ភ្ញៀវប្រចាំថ្ងៃ e tante altre stazioni da tutto il mondo con l’applicazione di radio.it

នាទីសុខភាពនិងអនាម័យ

នាទីសុខភាពនិងអនាម័យ

Scarica ora gratuitamente e ascolta con semplicità la radio e i podcast.

Google Play StoreApp Store

នាទីសុខភាពនិងអនាម័យ: Podcast correlati

នាទីសុខភាពនិងអនាម័យ: Stazioni correlate