Episodi disponibili
5 risultati 24
Giec៖ពិភពលោកនៅមានមធ្យោបាយដើម្បីទប់ស្កាត់នឹងការឡើងកម្តៅនៅក្នុងបរិយាកាស តែត្រូវមានឆន្ទៈនយោបាយម៉ឺងម៉ាត់
នៅថ្ងៃចន្ទ ទី២០ មីនា ក្រុមអ្នកជំនាញអាកាសធាតុរបស់អង្គការសហប្រជាជាតិ Giec បានចេញផ្សាយរបាយការណ៍មួយស្តីពីបញ្ហាអាកាសធាតុ។ របាយការណ៍ដែលមានកម្រាស់ ១០០០ទំព័រនេះជាលទ្ធផលបានមកពីការសិក្សា ស្រាវជ្រាវអស់រយៈពេល ៩ឆ្នាំ។ គួរបញ្ជាក់ថា Giec បានចេញផ្សាយរបាយការណ៍ដូចគ្នានេះកាលពីឆ្នាំ ២០១៤។ តែសម្រាប់របាយការណ៍ឆ្នាំ ២០២៣ នេះ Giec បានទាញសញ្ញាអាសន្នពីកំណើនកម្តៅលើភពផែនដីដែលពិភពលោកត្រូវរួសរាន់ចូលរួមទប់ស្កាត់ឲ្យបានលឿនបំផុត។ តាម Giec ពិភពលោកមានមធ្យោបាយ តែអ្វីដែលកំពុងខ្វះ គឺឆន្ទៈនយោបាយម៉ឺងម៉ាត់។
ចាប់ពីពេលនេះត ទៅ និងជាងពេលណាៗទាំងអស់ ការពិតនៃការប្រែប្រួលអាកាសធាតុ និងផលវិបាករបស់វាចំពោះជីវិតនៅលើភពផែនដីរបស់យើងលែងជាអាថ៍កំបាំង និងប្រហែលជាគ្មានអ្នកណាម្នាក់អាចនិយាយផ្ទុយពីនេះបានទេ។ លែងជាអាថ៍កំបាំង និងមិនអាចនិយាយផ្ទុយពីនេះបានដោយសារតែកម្តៅលើភពផែនដីកំពុងធ្វើដំណើរមិនចំផ្លូវ ឬនៅលើផ្លូវអាក្រក់។ ស្ថានភាពបែបនេះធ្លាប់ត្រូវបាន Giec ទាញសញ្ញាអាសន្នម្តងហើយនៅក្នុងរបាយការណ៍ឆ្នាំ ២០១៤។ តែនៅ ៩ឆ្នាំក្រោយមក ពោលនៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ នេះ ស្ថានភាពហាក់បានធ្លាក់ចុះមួយកម្រិតទៀត ឬនិយាយបែបផ្សេង ការដើរចេញពីផ្លូវដែលត្រូវដើរកំពុងមានគម្លាតកាន់តែឆ្ងាយថែមទៀត។
នៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ Giec បានបញ្ជាក់ក្នុងន័យព្រមានថា ចាប់ពីឆ្នាំ ២០៣០ ២០៣៥ ទៅ កម្តៅលើភពផែនដីនឹងកើន ១,៥អង្សារធៀបនឹងសម័យមុនឧស្សាហកម្ម។ តាម Giec សីតុណ្ហភាពជាមធ្យមនាពេលបច្ចុប្បន្នបានកើនឡើង ១,២អង្សាររួចទៅហើយ។ ចំណែកដើមចមដែលបានធ្វើឲ្យភពផែនដីបន្តឡើងកម្តៅមិនត្រូវបាន Giec ពិចារណាស្វែងរកយូរទេ គឺយើងគ្រប់គ្នាដែលកំពុងរស់នៅលើផែនដីសព្វថ្ងៃនេះឯង ឬនិយាយឲ្យស្រួលយល់ គឺសកម្មភាពរបស់មនុស្ស។ ដើមចមនៃការឡើងកម្តៅលើភពផែនដីដែល Giec ចង់ផ្តោតសំខាន់នៅក្នុងរបាយការណ៍ឆ្នាំ ២០២៣ របស់ខ្លួន គឺការកាប់បំផ្លាញព្រៃឈើ និងថាមពលផូស៊ីលបានពីការប្រើធ្យូងថ្ម ប្រេង និងឧស្ម័ន។
កំណើនឧស្ម័នផ្ទះកញ្ចក់កើតចេញពីការប្រើធ្យូងថ្ម ប្រេង និងឧស្ម័នបានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ ២០១៩ បរិមាណឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសបានកើនឡើងដល់ទៅ ៥៩ ០០០លានតោន។ តែ Giec បានកត់សម្គាល់ឃើញថា ពីប្រទេសមួយទៅប្រទេសមួយ ការចាក់ចោលឧស្ម័នផ្ទះកញ្ចក់មានបរិមាណមិនដូចគ្នាទេដោយអាស្រ័យលើកម្រិតប្រាក់ចំណូលរបស់ប្រទេសនីមួយៗ។ អ្វីដែល Giec ចង់និយាយនេះគឺថា ក្រុមប្រទេសអ្នកមាន ឬក្រុមប្រទេសអភិវឌ្ឍន៍បានចាក់ចោលឧស្ម័នផ្ទះកញ្ចក់ច្រើនជាងក្រុមប្រទេសអ្នកក្រ ឬក្រុមប្រទេសកំពុងអភិវឌ្ឍន៍។ តែទោះជាអ្នកមាន ឬអ្នកក្រ មានមនុស្សលោកជិតពាក់កណ្តាល ពោលមានពី ៣ ៣០០លានទៅ ៣ ៦០០លាននាក់កំពុងរស់ក្នុងបរិបទងាយរងគ្រោះខ្លាំងនឹងការប្រែប្រួលអាកាសធាតុ។
នៅពេលដែលគេនិយាយពីការប្រែប្រួលអាកាសធាតុ គេមិនអាចមិននិយាយបានឡើយពីផលវិបាករបស់វាដែលមានច្រើន រួមមាន អសន្តិសុខស្បៀងអាហារ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ការខ្វះទឹកប្រើប្រាស់ អត្រាមរណៈខ្ពស់ ផ្តល់ភាពងាយស្រួលដល់ការចម្លងជំងឺ និងការបម្លាស់ទីរបស់ប្រជាជនពីកន្លែងមួយទៅកន្លែងមួយ។ល។ និង ។ល។ អ្វីដែលធ្ងន់ធ្ងរជាងនេះ មានផលវិបាកខ្លះនឹងគ្មានថ្ងៃដែលអាចស្រោចស្រង់វិញបានឡើយ។ ដូច្នេះវាជារឿងបន្ទាន់បំផុតដែលមនុស្សគ្រប់រូបត្រូវរួមគ្នាចាត់វិធានការទប់ស្កាត់នឹងការឡើងកម្តៅលើភពផែនដី។ ជារឿងបន្ទាន់ ព្រោះការឡើងកម្តៅបន្ថែមត្រឹមចំនួន ១អង្សារ ឬតិចជាងនេះ គ្រោះមហន្តរាយចំពោះផែនដី និងមនុស្សលោកនឹងមានធំធេងខ្លាំងណាស់ នេះជាការព្រមានរបស់ Giec។
តើវាមិនយឺតពេលពេកទេ ឬដើម្បីទប់ស្កាត់?។ មិនទាន់យឺតពេលទេ តែត្រូវធ្វើឲ្យបានលឿន និងឲ្យបានសកម្មប្រកបដោយមហិច្ឆតាខ្ពស់។ សម្រាប់ប្រធាន Giec លោកហូស៊ុង លី របាយការណ៍ឆ្នាំ ២០២៣ នេះជាសារនៃក្តីសង្ឃឹមដើម្បីដោះស្រាយគ្រប់បញ្ហាអាកាសធាតុ។ តាមលោកហូស៊ុង លី ពិភពលោកនៅមានសំណាងអាចទប់ស្កាត់កុំឲ្យកម្តៅលើភពផែនដីកើនលើសពី ១,៥អង្សាធៀបនឹងមុនសម័យឧស្សាហកម្មដែលជាកម្មវត្ថុនៃកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ ២០១៥ ស្តីពីអាកាសធាតុ COP២១។តែដើម្បីអាចសម្រេចកម្មវត្ថុមួយនេះបាន គេត្រូវកាត់បន្ថយការចាក់ចោលឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិយាកាសឲ្យបាន ៤៨% ពីពេលនេះទៅឆ្នាំ ២០៣០ ធៀបនឹងឆ្នាំ ២០១៩។
នៅក្នុងន័យនេះ ពិភពលោកត្រូវកាត់បន្ថយការប្រើធ្យូងថ្ម ប្រេង និងឧស្ម័នដែលជាប្រភពបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដល់ទៅ ៨០%។ តែបើចង់បន្តប្រើធ្យូងថ្ម ប្រេង និងឧស្ម័នដោយសារតែគ្មានជម្រើសផ្សេង គឺត្រូវរកវិធីសាស្រ្តដោយប្រើបច្ចេកវិទ្យាដើម្បីស្រូប និងស្តុកឧស្ម័នផ្ទះកញ្ចក់។ ទន្ទឹមគ្នានេះ ថ្នាក់ដឹកនាំនយោបាយគ្រប់ប្រទេសត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមក្នុងបញ្ហាអាកាសធាតុ និងត្រូវពន្យល់ពលរដ្ឋឲ្យយល់ដឹងពីគ្រោះថ្នាក់បង្កឡើងដោយការប្រែប្រួលអាកាសធាតុ។ អ្វីដែលត្រូវធ្វើជាបន្ទាន់នៅក្នុងករណីនេះ គឺការគិតគូរឡើងវិញពីរបៀបរស់នៅនាពេលខាងមុខ ដូចជាការប្តូរចំណីអាហារ ឬការប្តូររបៀបធ្វើដំណើរជាដើម។ ក្រៅពីនេះ ជម្រើសនៃការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក៏ជារឿងមួយដែលត្រូវគិតគូរដែរ។
Giec យល់ថា ការចំណាយដើម្បីទប់ស្កាត់នឹងការឡើងកម្តៅលើភពផែនដីនឹងមានទឹកប្រាក់តិចជាងការចំណាយដើម្បីស្តារគ្រោះមហន្តរាយដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។ អ្វីដែល Giec ចង់និយាយ ការពារប្រសើរជាងព្យាបាល។ សរុបមកវិញ អ្វីៗមិនទាន់យឺតពេលទេ ព្រោះពិភពលោកមានលទ្ធភាព មធ្យោបាយ និងចំណេះដឹងគ្រប់បែបយ៉ាងដើម្បីទប់នឹងស្កាត់នឹងការឡើងកម្តៅលើភពផែនដី។ តែអ្វីដែលកំពុងខ្វះមានតែមួយគត់ គឺឆន្ទៈនយោបាយម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំគ្រប់ប្រទេសទាំងអស់។ មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រ ផែនដីជាជម្រករួមដែលទាំងអស់គ្នាមានកាតព្វកិច្ចចូលរួមថែរក្សា និងការពារ៕
២០ឆ្នាំក្រោយការវាយប្រហាររបស់អាមេរិក អ្វីទៅជាស្ថានការណ៍របស់ប្រទេសអ៊ីរ៉ាក់សព្វថ្ងៃ?
ថ្ងៃទី២០ មីនា ឆ្នាំ ២០២៣ ជាខួប ២០ឆ្នាំនៃការវាយប្រហាររបស់អាមេរិក រួមជាមួយអង់គ្លេសលើប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃទី២០ មីនា ឆ្នាំ ២០០៣។ ហេតុផលនៃការលើកឡើងរបស់រដ្ឋបាលអាមេរិកនាជំនាន់ប្រធានាធិបតី George W. Bush កាលណោះ គឺមកពីរបបអ៊ីរ៉ាក់របស់ប្រធានាធិបតីសាដាម ហ៊ូសេនមានអាវុធប្រល័យលោក។ ប្រតិបត្តិការយោធារបស់អាមេរិក និងអង់គ្លេសបានទម្លាក់របបសាដាម ហ៊ូសេន និងមិនបានរកឃើញអាវុធប្រល័យលោកទេ។ ផ្ទុយទៅវិញ សង្រ្គាមមួយនេះបានរុញអ៊ីរ៉ាក់ឲ្យធ្លាក់ក្នុងជម្លោះ និងវិបត្តិជាបន្តបន្ទាប់មកដល់សព្វថ្ងៃ។
អ្វីៗបានចាប់ផ្តើមនៅព្រឹកព្រលឹមស្រាងៗក្នុងថ្ងៃទី២០ មីនា ឆ្នាំ ២០០៣។ ទ័ពអាមេរិកចំនួន ១៥០ ០០០នាក់ និងទ័ពអង់គ្លេសចំនួន ៤០ ០០០នាក់បានបើកប្រតិបត្តិការវាយប្រហារដូចផ្លេកបន្ទោលើអ៊ីរ៉ាក់ដែលគេហៅជាប្រតិបត្តិការ« សេរីភាពអ៊ីរ៉ាក់ »។ ក្នុងរយៈពេលតែ ៣សប្តាហ៍ ប្រតិបត្តិការ « សេរីភាពអ៊ីរ៉ាក់ » របស់អាមេរិក និងអង់គ្លេសបានផ្តួលរំលំរបបសាដាម ហ៊ូសេន ហើយក្នុងថ្ងៃទី៩ មេសា ឆ្នាំ ២០០៣ ដដែល អាមេរិកបានចូលគ្រប់គ្រងក្រុងបាកដាដ។ របបសាដាម ហ៊ូសេនមានអាវុធប្រល័យលោក នេះជាហេតុផលតែមួយគត់ដែលរដ្ឋបាលអាមេរិកក្នុងជំនាន់ប្រធានាធិបតី George W. Bush បានបង្ហាញពិភពលោកដើម្បីកំចាត់របបសាដាម ហ៊ូសេន។
តែបញ្ហានៅត្រង់ថា គ្មានអាវុធប្រល័យលោកធុនណាមួយត្រូវបានអាមេរិករកឃើញនៅក្រោយការដួលរលំរបបសាដាម ហ៊ូសេន ហើយនៅ ២០ឆ្នាំក្រោយមក អាមេរិកនៅតែរកមិនឃើញអាវុធប្រល័យលោករបស់សាដាម ហ៊ូសេនដដែល។ ផ្ទុយទៅវិញ និងអ្វីដែលជាលទ្ធផលកើតចេញពីប្រតិបត្តិការវាយប្រហារអ៊ីរ៉ាក់របស់អាមេរិកក្នុងឆ្នាំ ២០០៣ គឺជាការចាប់ផ្តើមផ្ទុះឡើងនូវសម័យកាលក្រឡាប់ចាក់ និងបង្ហូរឈាមដែលប្រទេសនៅតំបន់ឈូងសមុទ្រពែក្សមួយនេះមិនធា្លប់ជួបប្រទះនៅក្នុងប្រវត្តិរបស់ខ្លួនទេ។ ធ្លាក់ក្នុងសង្រ្គាមស៊ីវិលហែកហួរផ្ទៃក្នុងគួរឲ្យរន្ធត់នៅចន្លោះឆ្នាំ ២០០៦ និង ២០០៨។ បន្ទាប់មក ទឹកដីមួយភាគត្រូវបានស្ថិតក្រោមការកាន់កាប់របស់អង្គការរដ្ឋអ៊ីស្លាម។
គេត្រូវរង់ចាំដល់ឆ្នាំ ២០១១ ទើបអាមេរិកបានសម្រេចដកទ័ពចេញពីអ៊ីរ៉ាក់។ តែគេមិនត្រូវភ្លេចនិយាយទេថា សង្រ្គាមអាមេរិកនៅអ៊ីរ៉ាក់ពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១១ បានបណ្តាលឲ្យស្លាប់ជនស៊ីវិលអ៊ីរ៉ាក់ជាង ១០០ ០០០នាក់ ហើយអាមេរិកបានបញ្ជាក់ពីការស្លាប់ទាហានអាមេរិកជិត ៤ ៥០០នាក់។ ថ្ងៃនេះ និង ២០ឆ្នាំក្រោយមក រដ្ឋអំណាចអ៊ីរ៉ាក់មិនថាថ្នាក់សហព័ន្ធ និងថ្នាក់តំបន់ទេ គឺមិនបានគ្រោងរៀបចំពិធីអ្វីសម្រាប់ខួប ២០ឆ្នាំនៃការចូលឈ្លានពានរបស់អាមេរិកឡើយ។ មួយវិញទៀត នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mohamed Chia al-Soudani មិនបានលើកឡើងជាសាធារណៈពីការឈ្លានពានរបស់អាមេរិកទេ តែជាការដួលរលំរបបផ្តាច់ការសាដាម ហ៊ូសេន។ សម្រាប់លោក Mohamed Chia al-Soudani អ៊ីរ៉ាក់រម្លឹកថ្ងៃនេះនូវការឈឺចាប់របស់ពលរដ្ឋខ្លួនដោយសារសង្រ្គាមគ្មានន័យនារយៈពេលប៉ុន្មានឆ្នាំនេះ។
គេអាចនិយាយបានជារួមថាសព្វថ្ងៃ អ៊ីរ៉ាក់ហាក់បានរកឃើញឡើងវិញខ្លះៗនូវស្ថានភាពប្រក្រតីរបស់ខ្លួន។ ការបោះឆ្នោតត្រូវបានរៀបចំច្រើនដងដោយមានការចូលរួមពីគណបក្សច្រើន ហើយសេរីភាពក្នុងការបញ្ចេញមតិត្រូវបានធានា។ តែនេះគ្រាន់ជាទ្រឹស្តីប៉ុណ្ណោះ ព្រោះការអនុវត្តន៍ជាក់ស្តែងជារឿងផ្សេង និងស្មុគស្មាញខ្លាំងណាស់។ នៅក្រោយការបោះឆ្នោតសភាក្នុងខែតុលា ឆ្នាំ ២០២១ ការជជែកដេញដោល តថ្លៃគ្នារវាងគណបក្សជាប់ឆ្នោតដើម្បីបង្កើតរដ្ឋាភិបាលថ្មីបានប្រើពេលរហូតដល់ទៅមួយឆ្នាំ។ ចំណែកបេសកកម្មរបស់អង្គការសហប្រជាជាតិនៅអ៊ីរ៉ាក់បានរៀបរាប់ពីបរិយាកាសអាប់អួរ និងបំភ័យដល់សេរីភាពក្នុងការបញ្ចេញមតិ។
ក្រៅពីស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសង្គមដែលមានតែសំបកក្រៅ នៅមានបញ្ហាជាច្រើនផ្សេងទៀតដែលអ៊ីរ៉ាក់បាន និងកំពុងបន្តជួបប្រទះ ក្នុងនោះមានអំពើពុករលួយ ការធ្វេសប្រហែសរបស់ថ្នាក់ដឹកនាំ ការតស៊ូមិនស្មោះត្រង់របស់ថ្នាក់ដឹកនាំដើម្បីអំណាច និងឥទ្ធិពលរបស់ប្រទេសជិតខាងធំៗ ពិសេសអ៊ីរ៉ង់។ តាមអង្គការក្រៅរដ្ឋាភិបាល Transparency Internationa អ៊ីរ៉ាក់ស្ថិតក្នុងចំណាត់ថ្នាក់ទី១៥៧នៃចំណោម១៨០ប្រទេសពុករលួយ។ ក្នុងចំណោមរដ្ឋាភិបាលដែលបានឡើងកាន់អំណាចបន្តបន្ទាប់គ្នាតាំងពីឆ្នាំ ២០០៣ គ្មានរដ្ឋាភិបាលណាមួយអាចកំចាត់អំពើពុករលួយស៊ីរូងផ្ទៃក្នុងប្រទេសបានទេ ពិសេសនៅក្នុងវិស័យសុខាភិបាល និងសេវាសាធារណៈ។ គ្មានរដ្ឋាភិបាលណាមួយបានយកចិត្តទុកដាក់ និងគិតប្រយោជន៍ពលរដ្ឋជាធំទេ។
ប្រជាជនត្រូវបានគេទុកចោលឲ្យស្វែងរកជោគវាសនាអនាគតដោយខ្លួនឯង។ នៅក្នុងប្រទេសមួយដែលសម្បូរប្រេង មានប្រជាជនដល់ទៅ ១ភាគ៣ កំពុងរស់នៅក្រោមខ្សែបន្ទាត់ក្រីក្រ។ នៅក្នុងប្រទេសមួយដែលសម្បូរប្រេងតែបែរជាខ្វះភ្លើងអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃទៅវិញ ហើយមានពេលខ្លះ ការដាច់ភ្លើងមានរយៈពេលដល់ទៅ ១២ម៉ោងឯណោះ។ ២០ឆ្នាំក្រោយការដួលរលំរបបសាដាម ហ៊ូសេន អ៊ីរ៉ាក់ហាក់កំពុងស្ថិតឆ្ងាយពីការពិត និងពីក្តីរំពឹងទុក។ ការពី ២០ឆ្នាំមុន ពលរដ្ឋអ៊ីរ៉ាក់ទូទៅបានសាទរ និងត្រេកត្រអាលនឹងការដួលរលំរបបសាដាម ហ៊ូសេនដោយគិតថា អនាគតក្រោយសាដាម ហ៊ូសេននឹងរុងរឿងថ្លៃថ្លា។
តែពេលនេះ និង ២០ឆ្នាំក្រោយមក ពលរដ្ឋអ៊ីរ៉ាក់បែរជាកំពុងរងការឈឺចាប់ និងទុក្ខវេទនាទៅវិញ ហើយមានអ្នកខ្លះស្តាយក្រោយថា បើទុករបបសាដាម ហ៊ូសេនប្រហែលជាគ្រាន់បើជាងរបបសព្វថ្ងៃ៕
តើវិស័យអចលនទ្រព្យនៅកម្ពុជាវិវត្តន៍បែបណាក្នុងឆ្នាំ២០២៣?
វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន បន្តស្ថិតក្រោមសម្ពាធ ហើយនឹងមិនងាយងើបត្រលប់មកមានកំណើនខ្ពស់ដូចពីមុនវិបត្តិជំងឺកូវីដ១៩បាននោះទេ។ វិស័យនេះទំនងបន្ដដើរអូសជើងក្នុងរយៈពេលយូរជាងការរំពឹងទុក ព្រោះតែកម្ពុជាត្រូវប្រឈមវិបត្តិសកលនានា។ តើវិស័យអចលនទ្រព្យនៅកម្ពុជាវិវត្តន៍បែបណាក្នុងឆ្នាំ២០២៣? ហើយតើអ្វីជាបទពិសោធទាញចេញពីវិបត្តិអចលនទ្រព្យនៅកម្ពុជាកាលពីឆ្នាំ២០០៨?
វិស័យអចលនទ្រព្យនៅកម្ពុជា នាពេលបច្ចុប្បន្ន បន្តស្ថិតក្រោមសម្ពាធ ហើយទំនងមិនអាចងើបមកមានកំណើនខ្ពស់ដូចពីមុនវិបត្តិជំងឺកូវីដ១៩បាននោះទេ។ វិស័យនេះទំនងបន្ដមានកំណើនយឺតយ៉ាវ ក្នុងរយៈពេលយូរជាងការរំពឹងទុក។
វិស័យអចលនទ្រព្យ និងការរួមចំណែកក្នុងសេដ្ឋកិច្ចកម្ពុជា
ផ្អែកតាមមន្រ្ដីជាន់ខ្ពស់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានលើកឡើងនៅវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៣ កាលពីចុងខែមករាឆ្នាំនេះ វិស័យសំណង់ និងអចលនទ្រព្យត្រូវគេព្យាករណ៍ថា ងើបឡើងយឺតក្នុងឆ្នាំ២០២៣។ វិស័យនេះរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រាប្រមាណ ១០ភាគរយក្នុងមួយឆ្នាំ។ នៅក្នុងឆ្នាំ២០២៣ វិស័យសំណង់ និងវិស័យអចលនទ្រព្យ មានកំណើនត្រឹមតែនៅរង្វង់ ១,១ភាគរយ ឬ១,២ភាគរយប៉ុណ្ណោះ។
ជាតម្លៃបន្ថែម វិស័យសំណង់ និងអចលនទ្រព្យមានទំហំ១៥%នៃទំហំសេដ្ឋកិច្ចជាតិ។ យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋាភិបាលនឹងភាគីពាក់ពន្ធ័នឹងពិភាក្សារិះរិកវិធានការជាដំណោះស្រាយយ៉ាងណាកុំអោយវិស័យនេះដួលរលំដោយសារខ្វះឥណទាន។ ភាគីពាក់ពន្ធ័ទាំងនោះមានដូចជា ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ អាជ្ញាធរអចលនទ្រព្យ សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន និងនិយតករអចលនទ្រព្យ។
តើអ្វីជាកត្តាជំរុញឱ្យវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាកើនឡើង ក្រោយវិបត្តិសេដ្ឋកិច្ចសកលកាលពីឆ្នាំ២០០៨?
ប្រភពហិរញ្ញប្បទាន ឬគេស្គាល់សាមញ្ញាថា កម្ចី ដែលមានអត្រាការប្រាក់ទាប និងមានការប្រកួតប្រជែងគ្នារវាងធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ គឺជាកត្តាចម្បងសម្រាប់កំណើនអចលនទ្រព្យ។ នៅពេលការប្រាក់កម្ចីមានកម្រិតទាប ប្រជាជនមាននិន្នាការប្រើប្រាស់កម្ចី ដើម្បីទិញរបស់ប្រើប្រាស់ រួមទាំងសេវាបង់រំលោះផ្ទះ ដី និងរបស់ប្រើប្រាស់ផ្សេងៗ។
ក្រៅពីនេះ កត្តាចម្បងផ្សេងៗ រួមមាន ការកើនឡើងនៃចំនួនប្រជាជនដែលមានប្រាក់ចំណូលមធ្យម ការកើនឡើងចំនួនប្រជាជនដែលទើបរៀបការថ្មីថ្មោង និងការធ្វើចំណាកស្រុករបស់ប្រជាជនកាន់តែច្រើនពីតាមបណ្ដាខេត្តមកទីក្រុង ជាពិសេសគឺទីក្រុងភ្នំពេញ គឺជាកត្តាចម្បងដែលជំរុញឱ្យកំណើនតម្រូវការអចលនទ្រព្យ លំនៅដ្ឋាន និងដីធ្លីពាណិជ្ជកម្មបន្ដកើនឡើង។ នៅពេលនិន្នាការមនុស្សទៅរស់នៅទីណា នោះតម្លៃដីធ្លីនៅទីនោះនឹងកើនឡើង។ ការទិញលក់រយៈពេលខ្លី ឬជាភាសាបច្ចេកទេស “ការឆ្លៀតឱកាសរកចំណេញ ឬ Speculation” ក៏ជំរុញឱ្យមានការប្រែប្រួលថ្លៃអចលនទ្រព្យខ្លាំងផងដែរ ព្រោះនៅពេលដែលរបស់មួយបន្ដកើនឡើង មនុស្សមាននិន្នាការទិញលក់ដើម្បីបានផលចំណេញក្នុងរយៈពេលខ្លី។
តើអ្វីខ្លះជាបទពិសោធពីវិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងផលប៉ះពាល់លើវិស័យអចលនទ្រព្យនៅកម្ពុជា?
នៅឆ្នាំ២០០៨ ធនាគារជាតិនៃកម្ពុជាបានកម្រិតប្រាក់កម្ចី សម្រាប់វិស័យអចលនទ្រព្យ និងសំណង់ត្រឹមតែ ៨%នៃផលប័ត្រប្រាក់កម្ចីសរុប ឬគេស្គាល់ជាភាសាបច្ចេកទេស “Loan Portfolios” របស់គ្រឹះស្ថានហិរញ្ញវត្ថុនីមួយៗ។ វិធានការនេះបានរុញច្រានឱ្យវិស័យនេះត្រូវជាប់គាំងបន្ដិចផងដែរ ព្រោះថាគម្រោងអភិវឌ្ឍន៍អចលទ្រព្យភាគច្រើនបំផុត គឺប្រើប្រាស់កម្ចី។ ដូច្នេះ នៅពេលម្ចាស់គម្រោងមិនអាចទទួលបានកម្ចី ពួកគេនឹងបញ្ឍប់គម្រោង ហើយចុងក្រោយគម្រោងយ៉ាងច្រើននឹងជាប់គាំង រហូតដល់វិស័យទាំងមូល។ នេះប្រហែលជាមូលហេតុមួយដែលធនាគារជាតិនៃកម្ពុជា នាពេលបច្ចុប្បន្ន មិនដាក់ចេញនូវវិធានការបែបនេះ។
គិតមកដល់ឆ្នាំ២០២២ កម្ចីធនាគារដែលផ្តល់ដល់វិស័យធំៗបានកើនឡើង ១៩,៣ភាគរយ បើធៀបនឹងឆ្នាំមុន នៅពេលដែលវិស័យសំណង់ និងអចលនទ្រព្យទទួលបានប្រហែល១៨ភាគរយនៃទំហំទឹកប្រាក់កម្ចីសរុបចំនួន ៤៦ពាន់លានដុល្លារអាមេរិក។
បច្ចុប្បន្នភាពនៃវិបត្តិសកលអន្ដរជាតិ
ការដើរយឺតនៃវិស័យអចលទ្រព្យនៅកម្ពុជាមិនអាចកាត់ផ្ដាច់ពីវិបត្តិសកលផ្សេងៗនាពេលបច្ចុប្បន្នបានទេ។ ភាពអាប់អួនៅតែបន្ដកើនឡើងមាននៅក្នុងសេដ្ឋកិច្ចពិភពលោក។ ផ្អែកតាមរបាយការណ៍របស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) សកម្មភាពសេដ្ឋកិច្ចសកលជារួមកំពុងធ្លាក់ចុះច្រើន និងខ្លាំងជាងការរំពឹងទុក។ កម្រិតអតិផរណាបានកើនឡើងខ្ពស់ខ្លាំង ប្រៀបធៀបក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។ វិបត្តិនៃការឡើងថ្លៃការចំណាយក្នុងការរស់នៅ ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុនៅក្នុងតំបន់ភាគច្រើន ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន និងការរីករាលដាលនៃជំងឺកូវីដ១៩ បានរួមចំណែកបន្ថែមទម្ងន់ទៅលើការធ្លាក់ចុះកំណើនសេដ្ឋកិច្ច។
ក្រៅពីនេះកត្តាភូមិសាស្ត្រនយោបាយក៏ជះឥទ្ធិពលខ្លាំងផងដែរលើពិភពលោក។ អស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ កត្តាភូមិសាស្ត្រនយោបាយមិនសូវជះឥទ្ធិពលទេលើសេដ្ឋកិច្ចសកល និងប្រព័ន្ធហិរញ្ញវត្ថុអន្ដរជាតិ។ ពិភពលោកពីមុននេះមានទំនាក់ទំនងអន្តរជាតិល្អ និងមានស្ថិរភាព ហើយការជឿទុកចិត្តគ្នារវាង ប្រទេសមហាអំណាចមានកម្រិតខ្ពស់។ កត្តានេះអំណោយផលខ្លាំងណាស់ដល់កំណើនសេដ្ឋកិច្ចខ្ពស់ និងការវិនិយោគ។ ក៏ប៉ុន្តែ អ្វីៗបានផ្លាស់ប្ដូរ ជាពិសេស ក្រោយការប្រឈមមុខដាក់គ្នារវាងមហាអំណាចចិន និងអាមេរិក រហូតមកដល់ពេលបច្ចុប្បន្ន។ ផ្អែកតាមអ្នកជំនាញ ដោយសារការប្រជែងភូមិសាស្ដ្រនយោបាយនឹងបន្ដកើតមានឡើងនៅច្រើនឆ្នាំខាងមុខ គេមិនគួររំពឹងខ្ពស់អំពីការវិលត្រលប់មកវិញឆាប់ៗនោះទេនូវកំណើនសេដ្ឋកិច្ច និងការវិនិយោគខ្លាំងខ្លាដូចពីមុន៕
ប្រឈមនឹងការផ្តុំគ្នារករឿងពីលោកខាងលិច ចិនប្តេជ្ញាពង្រឹងសមត្ថភាពបច្ចេកវិទ្យាទំនើបដោយខ្លួនឯង
ជាមួយនឹងការចូលកាន់ការងារ នៃរដ្ឋាភិបាលថ្មីរបស់ចិន ចិនបានប្រកាសគំរោងដ៏ធំជាច្រើន ដើម្បីធ្វើកំណែទម្រង់លើស្ថាប័នខ្លួន ជាពិសេសនៅក្នុងវិស័យស្រាវជ្រាវបច្ចេកវិទ្យាទំនើប។ ជាការធ្វើកំណែទម្រង់ ដែលចិនអះអាងថា ដើម្បីពង្រឹងសមត្ថភាព និងស្វ័យភាពរបស់ចិនខ្លួនឯង នៅក្នុងវិស័យបច្ចេកវិទ្យាទំនើប ដោយមិនពឹងបច្ចេកវិទ្យាគេ ខណៈដែលបច្ចុប្បន្ននេះ ក្រុមប្រទេសលោកខាងលិច កំពុងតែផ្តុំគ្នា រករឿងចិនកាន់តែខ្លាំង នៅក្នុងវិស័យយុទ្ធសាស្ត្រនេះ។
កាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅ រដ្ឋាភិបាលថ្មីរបស់ចិន បានប្រកាសនូវផែនការធ្វើកំណែទម្រង់ជាច្រើន ទៅលើស្ថាប័នរដ្ឋ។ ផែនការកំណែទម្រង់ស៊ីជំរៅ ដែលនឹងត្រូវអនុម័តជាផ្លូវការដោយសភាប្រជាមានិតចិន នៅថ្ងៃសុក្រខាងមុខនេះ។ អ្វីដែលជាការកត់សំគាល់ធំបំផុតនោះ គឺផែនការកំណែទម្រង់ ទៅលើវិស័យបច្ចេកវិទ្យាទំនើប
តាមរយៈផែនការកំណែទម្រង់នេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើបរបស់ចិន នឹងត្រូវពង្រឹងតួនាទីទទួលខុសត្រូវ ដូចជាក្នុងការរៀបចំសម្របសម្រួល និងជួយជំរុញឲ្យការស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា ក្លាយចេញជាលទ្ធផលជាក់ស្តែង ក្នុងការអនុវត្ត។ ក្រសួងដ៏សំខាន់នេះ នឹងមានកាតព្វកិច្ចផងដែរ ធ្វើយ៉ាងណា ផ្តល់សន្ទុះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដល់បណ្តាញស្រាវជ្រាវ រកគំនិតច្នៃប្រឌិតថ្មី និងក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។
ចិននឹងបង្កើតផងដែរ នូវស្ថាប័នថ្មីមួយ ឈ្មោះថាការិយាល័យជាតិគ្រប់គ្រងទិន្នន័យ ដែលនឹងមានតួនាទី ចាត់ចែងគ្រប់គ្រងទិន្នន័យលើបណ្តាញអ៊ីនធ័រនិត។ ស្ថាប័នថ្មីនេះ ក៏នឹងត្រូវជួយលើកកំពស់ជាទូទៅ ដល់វិស័យសេដ្ឋកិច្ចលើបណ្តាញបច្ចេកវិទ្យា និងរៀបចំបង្កើតហេដ្ឋារចនាសម្ព័ន្ធថ្មីនិងចាំបាច់ ដើម្បីអភិវឌ្ឍន៍វិស័យនេះ។ អំណេះតទៅ សហគ្រាស អាជ្ញាធររដ្ឋ អ្នកស្រាវជ្រាវ ក៏ដូចជាវិស្វករចិនទាំងអស់ នឹងត្រូវរួមកម្លាំងគ្នា ប្រឹងប្រែងទាំងអស់គ្នា ដើម្បីពង្រឹងសមត្ថភាពជាតិ ក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិត។ ជាផែនការដ៏ចាំបាច់ ដើម្បីឲ្យចិនអាចមានកម្លាំង ប្រឈមជាមួយការដាក់ឧបសគ្គ កាន់តែច្រើនឡើងៗ ពីសំណាក់រដ្ឋាភិបាលអាមេរិក និងបក្សពួកសម្ព័ន្ធមិត្តលោកខាងលិច មកលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន។
គួរកត់សំគាល់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិននិងអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំង២ បានចាប់ផ្តើមប្រកួតប្រជែងគ្នាកាន់តែខ្លាំង និងយ៉ាងចំហបំផុត នៅក្នុងវិស័យបច្ចេកវិទ្យាទំនើប តួយ៉ាងដូចជាក្នុងវិស័យផលិតឧបករណ៍សឺមីកុងដុកទ័រ។ ឧបករណ៍នេះ គឺជាធាតុផ្សំយ៉ាងសំខាន់ ដែលគេត្រូវការជាចាំបាច់ ដើម្បីផលិតសម្ភារៈបច្ចេកវិទ្យាទំនើប ដូចជាទូរស័ព្ទដៃស្មាតហ្វូន រថយន្តទំនើប ឬក៏គ្រឿងអាវុធយុទ្ធភណ្ឌទំនើបផ្សេងៗ។ ដោយលើកឡើង ពីហេតុផលសន្តិសុខជាតិ រដ្ឋាភិបាលអាមេរិក បានចេញបទបញ្ជា ដាក់ទណ្ឌកម្មទៅលើសហគ្រាសចិន ដែលផលិតឧបករណ៍សឺមីកុងដុកទ័រ។ អាមេរិកបានហាមឃាត់មិនឲ្យក្រុមហ៊ុនចិនទាំងនោះ អាចទទួលយកបច្ចេកវិទ្យាទំនើបរបស់អាមេរិក យកទៅប្រើដើម្បីផលិតឧបករណ៍សឺម៉ីកុងដុកទ័រនៅចិន។
នៅក្នុងពេលប្រកាសអំពីផែនការកំណែទម្រង់ កាលពីថ្ងៃអង្គារសប្តាហ៍មុន លោក Xioa Jie អគ្គលេខាធិការរដ្ឋាភិបាលចិន បានលើកឡើងថា អំណេះតទៅ ចិនត្រូវតែប្រឹងប្រែងប្រឈមជាមួយ ការលំបាក ឧបសគ្គជាច្រើន ដែលត្រូវបានដាក់ដោយការប្រកួតប្រជែងអន្តរជាតិ នៅក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ លោកទទួលស្គាល់ថា ឧបសគ្គទាំងនេះ គឺវាគួបផ្សំបន្ថែម ដោយការប្រមូលផ្តុំគ្នារបស់បរទេស ដើម្បីធ្វើបាប និងដាក់សំពាធមកលើចិន។ ដូច្នេះ ចិនត្រូវតែរៀបចំ ពង្រឹងសមត្ថភាពខ្លួន ក្នុងវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា ធ្វើយ៉ាងណា អាចយកឈ្នះឧបសគ្គលំបាកទាំងនេះ ហើយនិងឈានទៅមានស្វ័យភាព មិនពឹងអ្នកដ៏ទៃ នៅក្នុងវិស័យនេះ។
សូមបញ្ជាក់ថា ក្រៅពីផែនការធ្វើកំណែទម្រង់ស្ថាប័នរដ្ឋ រដ្ឋាភិបាលថ្មីរបស់ចិន ក៏មានគម្រោងផងដែរ ក្នុងការកាត់បន្ថយបុគ្គលិកចំនួន៥% ពីតាមស្ថាប័នរដ្ឋ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហ័រ បុគ្គលិកទាំងនេះនឹងត្រូវគេដកយកទៅដាក់ វិស័យមួយចំនួនផ្សេងទៀតដែលត្រូវការសមត្ថភាពនិងកម្លាំង។ ក្រៅពីនេះ អង្គភាពគ្រប់គ្រងវិស័យធនាគារនិងធានារ៉ាប់រ៉ងចិនបច្ចុប្បន្ននេះ នឹងត្រូវជំនួសដោយ ស្ថាប័នថ្មីមួយ ដែលនឹងមានតួនាទីគ្រប់គ្រងវិស័យហិរញ្ញវត្ថុទាំងមូលតែម្តង។ នៅក្នុងសុន្ទរកថា ចូលកាន់តំណែងអាណត្តិទី៣ លោកប្រធានាធិបតីស៊ី ជីនពីងបានថ្លែងថា ចិនត្រូវពង្រឹងសមត្ថភាពខ្លួនក្នុងការផលិត។ លោកបន្តថា ប្រទេសដែលមានប្រជាជន ដល់ទៅ១៤០០លាននាក់ដូចជាចិន មិនអាចពឹងអ្នកណាផ្សេង ក្រៅពីពឹងខ្លួនឯងឡើយ ដើម្បីឈានទៅកសាងវិស័យកាម្មន្តសាលខ្លាំងរឹងមាំ ទំនើបថ្មី ហើយកាន់តែគោរពបរិស្ថានធម្មជាតិ។
គួរកត់សំគាល់ដែរថា បច្ចុប្បន្ននេះ ខណៈដែលសេដ្ឋកិច្ចសកលលោកកំពុងតែជួបវិបត្តិរាំងស្ទះរួចទៅហើយ សេដ្ឋកិច្ចចិនកំពុងតែរងសំពាធ ដោយសារតែប្រទេសលោកខាងលិចជាច្រើន ចាប់ផ្តើមងាកមុខចេញពីចិន។ ប្រទេសខ្លះ ដូចជា ឥណ្ឌា និងវៀតណាមជាដើម បានក្លាយជាគូប្រកួតប្រជែងរបស់ចិន នៅលើទីផ្សារផលិតកម្ម។ ចិនត្រូវប្រឹងគ្រប់មធ្យោបាយ ដើម្បីទាក់ទាញក្រុមហ៊ុនបរទេស ឲ្យបន្តវិនិយោគ ឬបញ្ជាទិញជាមួយក្រុមហ៊ុនខ្លួន។
តាមការគ្រោងទុក រដ្ឋសភាប្រជាមានិតចិន នឹងបោះឆ្នោតអនុម័តផែនការកំណែទម្រង់ទាំងអស់របស់រដ្ឋាភិបាល នៅថ្ងៃសុក្រទី ១៧មីនា។ លទ្ធផលបោះឆ្នោតគាំទ្រជាឯកច្ឆ័ន្ទ ដែលនឹងគ្មាននរណាភ្ញាក់ផ្អើលនោះទេ។ លោក Changhao Wei អ្នកស្រាវជ្រាវម្នាក់នៅសកលវិទ្យាល័យ Yale សហរដ្ឋអាមេរិក បានពន្យល់ថា តាមធម្មតា សភាចិនតែងតែបោះឆ្នោតគាំទ្រ ផែនការកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ស្នើមក នៅរៀងរាល់ពេលចាប់ផ្តើមអាណត្តិ៥ឆ្នាំថ្មី របស់ប្រធានាធិបតីចិន។ លោកអះអាងថា ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ ជាមួយនឹងគណបក្សកុម្មុយនីស្តចិន ក៏អាចមានការវិវឌ្ឍន៍ថ្មីបន្ថែមដែរ ជាមួយនឹងផែនការកំណែទម្រង់លើកនេះ។ ជាងនេះទៀត គឺវាអាចទៅរួច ដែលលោកស៊ី ជីនពីង និងគណបក្សកុម្មុយនីស្តចិន នឹងប្រើប្រាស់ផែនការកំណែទម្រង់នេះ ដើម្បីរឹតបន្តឹងក្តាប់អំណាចគ្រប់គ្រងកាន់តែខ្លាំងឡើងថែមទៀត៕
ឈ្វេងយល់អំពីការដួលរលំធនាគារដ៏ធំមិនធ្លាប់មាននៅអាមេរិកចាប់តាំងពីឆ្នាំ២០០៨
ទីផ្សារហិរញ្ញវត្ថុនៅទូទាំងពិភពលោក កំពុងតែរំជើបរំជួលយ៉ាងខ្លាំង ក្រោយពីមានការដួលរលំធនាគារឈ្មោះ SVB (Silicon Valley Bank) ដែលជាធនាគារដ៏ធំមួយ នៅអាមេរិក កាលពីថ្ងៃសុក្រ។ ការដួលរលំធនាគារដ៏ធំមួយនេះកំពុងតែធ្វើឲ្យមានក្តីបារម្ភ អំពីការរីករាលដាល ទៅជាវិបត្តិហិរញ្ញវត្ថុទ្រង់ទ្រាយធំ ដូចកាលពីវិបត្តិហិរញ្ញវត្ថុសកល កាលពីឆ្នាំ២០០៨កន្លងទៅ។ តើហេតុអ្វីបានជាធនាគារដ៏ធំមួយ ស្រាប់តែត្រូវដួលរលំភ្លាមៗ ក្នុងរយៈពេលតែប៉ុន្មានថ្ងៃបែបនេះ?
ធនាគារអាមេរិក ដែលរលំ កាលពីថ្ងៃសុក្រកន្លងទៅនេះ មានឈ្មោះថា Silicon Valley Bankហៅកាត់ដោយខ្លីថា SVBភាគច្រើនរកស៊ីជាមួយក្រុមហ៊ុនប្រភេទ Startup នៅក្នុងវិស័យបច្ចេកវិទ្យា។ SVB គឺជាធនាគារដ៏ធំលំដាប់ទី ១៦ នៅអាមេរិក មានទ្រព្យសកម្មរហូតដល់ទៅជាង ២០០ពាន់លានដុល្លារ គិតត្រឹមចុងឆ្នាំ២០២២កន្លងទៅ។
មូលហេតុដែលនាំឲ្យធនាគារ SVB ត្រូវដួលរលំនៅពេលនេះ បើនិយាយឲ្យខ្លី គឺមកពីអតិថិជន នាំគ្នាសម្រុកទៅដកលុយចេញពីធនាគារ។ ក៏ប៉ុន្តែ ដំណើរដើមទង រហូតនាំទៅដល់ចលនាសម្រុកទៅដកលុយយ៉ាងគំហុកនេះ គឺវាមានជាប់ទាក់ទងទៅនឹងកត្តាច្រើនផ្សេងទៀត។
បញ្ហាចម្បងរបស់ធនាគារ SVB គឺចាប់ផ្តើមចេញពីការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលអាមេរិក។ ការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលនេះ វាគឺជាវិធានការចម្បង ដើម្បីទប់ស្កាត់វិបត្តិអតិផរណា ក៏ប៉ុន្តែ វាបង្កើតជាបញ្ហា សម្រាប់ធនាគារ SVB ដែលធ្លាប់តែទាញផលចំណេញពីលំហូរសាច់ប្រាក់ ដោយសារអត្រាការប្រាក់ទាប។
បញ្ហាចម្បងទីមួយ គឺនៅត្រង់ថា ការដំឡើងអត្រាការប្រាក់ វាធ្វើឲ្យលំហូរសាច់ប្រាក់ទៅក្នុងវិស័យបច្ចេកវិទ្យាមិនសូវសម្បូរដូចមុន ធ្វើឲ្យកំណើនទីផ្សារមូលបត្រក្នុងវិស័យបច្ចេកវិទ្យាត្រូវយឺតយ៉ាវជាងមុន បង្កនូវផលប៉ះពាល់ទៅដល់ការរកស៊ីរបស់ SVB ដែលផ្តោតចម្បងទៅលើវិស័យបច្ចេកវិទ្យា។
បន្ថែមពីលើនេះទៅទៀត ការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាល វាក៏ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងផងដែរ ទៅលើតម្លៃមូលបត្របំណុលរយៈពេលវែង។
នៅក្នុងពេលបច្ចុប្បន្ននេះ មូលបត្របំណុលរយៈពេល ១០ឆ្នាំ របស់រតនាគារអាមេរិក អាចផ្តល់ការប្រាក់រហូតដល់ទៅ ៣,៩% ឯណោះ ក្នុងពេលដែលមូលបត្របំណុលប្រមាណជា ២១ពាន់លានដុល្លារ ដែលធនាគារ SVB មានក្នុងដៃ ហើយដែលភាគច្រើនជាមូលបត្របំណុលរតនាគារអាមេរិក អាចផ្តល់ការប្រាក់ត្រឹមតែ ១,៧៩% ប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នា ការធ្លាក់ចុះនៃលំហូរវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យា ធ្វើឲ្យក្រុមហ៊ុន Startup ដែលជាអតិថិជនរបស់ SVB ហើយដែលកន្លងមកនាំគ្នាយកលុយមកទុកក្នុងធនាគារ ក៏ចាប់ផ្តើមនាំគ្នាមកដកលុយពីធនាគារវិញ ដើម្បីយកទៅផ្គត់ផ្គង់តម្រូវការលំហូរសាច់ប្រាក់របស់ខ្លួន។
ប្រឈមនឹងតម្រូវការសាច់ប្រាក់ដើម្បីបើកឲ្យអតិថិជននេះ ធនាគារ SVB ក៏បានលក់ចេញមូលបត្រទាំង ២១ពាន់លានដុល្លារ ដោយសុខចិត្តខាតលុយរហូតដល់ទៅ ១,៨ពាន់លានដុល្លារ ហើយកាលពីថ្ងៃពុធ ៨មីនា ក្រៅពីបានប្រកាសឲ្យដឹងពីការខាតលុយ ១,៨ពាន់លានដុល្លារនេះ ធនាគារ SVB បានប្រកាសផងដែរ ដាក់លក់ភាគហ៊ុនថ្មីរបស់ខ្លួនចំនួន ២,២៥ពាន់ដុល្លា ដើម្បីប្រមូលលុយមកបំពេញតម្រូវការសាច់ប្រាក់។
ក៏ប៉ុន្តែ ដំណឹងមិនល្អទាំងពីរផ្ទួនៗគ្នា គឺធនាគារខាតលុយផង ហើយត្រូវការសាច់ប្រាក់ផងបែបនេះ វាធ្វើឲ្យភាគហ៊ុនរបស់ SVB ត្រូវធ្លាក់ដាំដូង ហើយភាគហ៊ុនថ្មី ដែលត្រូវលក់ ដើម្បីប្រមូលលុយមកបំពេញតម្រូវការសាច់ប្រាក់ ក៏មិនមានអ្នកចង់ទិញ។ ក្នុងពេលជាមួយគ្នា អតិថិជនមានលុយទុកក្នុងធនាគារ ក៏នាំគ្នាភ័យ ហើយសម្រុកមកដកលុយចេញពីធនាគារវិញ។
គ្រាន់តែនៅក្នុងថ្ងៃព្រហស្បតិ៍មួយ ធនាគារ SVB បានទទួលបញ្ជាដកលុយពីអតិថិជន គិតជាទឹកប្រាក់សរុបរហូតដល់ទៅ ៤២ពាន់លានដុល្លារ។ ចំណែកតម្លៃភាគហ៊ុនវិញ ត្រូវធ្លាក់ចុះរហូតដល់ទៅ ៦០%។
ចូលដល់ថ្ងៃសុក្រ ត្រឹមតែ ៤៨ម៉ោង ក្រោយពីប្រកាសខាតលុយ និងលក់ភាគហ៊ុនថ្មី ធនាគារ SVB ក៏ត្រូវរលំ ដោយការលក់ភាគហ៊ុនរបស់ធនាគារនៅលើទីផ្សារត្រូវបានបញ្ឈប់ ធនាគារទាំងមូលត្រូវបានអាជ្ញាធរបិទទ្វារ ហើយទ្រព្យរបស់ធនាគារត្រូវបានយកមកដាក់ក្រោមការចាត់ចែងជាបណ្តោះអាសន្នដោយរដ្ឋាភិបាលសហព័ន្ធអាមេរិក។
ដើម្បីស្តារទំនុកចិត្តលើប្រព័ន្ធធនាគារ និងជាពិសេស ដើម្បីរំងាប់ក្តីបារម្ភរបស់សាធារណជន និងបញ្ចៀសការសម្រុកទៅដកលុយពីធនាគារ រដ្ឋាភិបាលរបស់លោកចូ បៃដិន បានប្រកាសចេញមុខធានាលើលុយតម្កល់របស់អតិថិជនធនាគារ។ ក៏ប៉ុន្តែ គេនៅមិនទាន់អាចដឹងប្រាកដនៅឡើយទេថា តើការចេញមុខធានារបស់រដ្ឋាភិបាលនេះអាចនឹងទប់ទល់ការរីករាលដាលនៃវិបត្តិនេះបានប៉ុណ្ណា ដោយជាក់ស្តែង គេសង្កេតឃើញថា គិតត្រឹមថ្ងៃចន្ទនេះ តម្លៃភាគហ៊ុននៅលើទីផ្សារ នៅស្ទើរតែគ្រប់កន្លែងនៅទូទាំងពិភពលោក នៅតែបន្តធ្លាក់ចុះខ្លាំងនៅឡើយ ជាពិសេស ភាគហ៊ុនរបស់ធនាគារ៕
Stazioni simili
RGS - Radio Grandi Successi
Podcast, Electro, Rock
Greensleeves Radio
Podcast, Rock, Indie, Alternative
radioH2o
Lorrainville, Notizie-Talk, Podcast, Classic rock, Rock
Radio hsf
Rock, Podcast, Hip hop
Straightsound
Berlino, Podcast
ToXoRs minimalRADIO
Podcast, Trance, Techno, Minimal
Nova 80
São Paulo, Pop, Podcast, Techno
ahoy radio
Amburgo, Alternative, Podcast, Electro, Indie, Urban
Radio DEEP Romania
Podcast, Film e Musical, Elettronica, Dancehall
Radio Widok
Varsavia, Podcast
SpyderMonkey Shanty Radio
Orcutt, Podcast, Rock, Folk, Canti marinareschi
CPN Radio
Londra, Musical, Podcast
Ascolta ទស្សនៈព្រឹត្តិការណ៍ពិភពលោក, ភ្ញៀវប្រចាំថ្ងៃ e tante altre stazioni da tutto il mondo con l’applicazione di radio.it

ទស្សនៈព្រឹត្តិការណ៍ពិភពលោក
ទស្សនៈព្រឹត្តិការណ៍ពិភពលោក: Podcast correlati
ទស្សនៈព្រឹត្តិការណ៍ពិភពលោក: Stazioni correlate